រដ្ឋ ប្រមូលពន្ធដារ បានជាង ២៩៨លានដុល្លារ ស្មើនឹងជាង៧% ក្នុងខែមករាដើមឆ្នាំ២០២៤ ធ្លាក់ចុះជាង២លានដុល្លារ
Posted by -
Phoung Somphors
Published on -
22/2/2024 10:19 PM

ភ្នំពេញ៖ ក្នុងខែមករា ដើមឆ្នាំ២០២៤ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលបានចំនួន ១ ២០៩,១៤ ប៊ីលានរៀល ប្រមាណ ២៩៨,៥៥ លានដុល្លារ ស្មើនឹង ៧,១៧% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤។ ក្នុងរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី១៩ កុម្ភៈនេះ ចំណូលដែលប្រមូលបានក្នុងខែមករា ឆ្នាំ២០២៤ ប្រៀបធៀបនឹងចំណូលពន្ធអាករប្រចាំខែមករា កាលពីឆ្នាំ២០២៣ បានបង្ហាញថា ថយចុះចំនួន ៨,២៤ ប៊ីលានរៀល ប្រមាណជា ២,០៣ លានដុល្លារ ដែលស្មើនឹង ០,៦៨% ។

ឯកឧត្តម គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រង ប្រមូលចំណូលពន្ធប្រចាំខែមករា ឆ្នាំ២០២៤ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត ឱ្យដឹងផងដែរថា ក្នុងខែមករា ឆ្នាំ២០២៤ ចំណូលពន្ធពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-Commerce) ប្រមូលបានចំនួន ៣៥,១១ ប៊ីលានរៀល ដែលស្មើនឹងប្រមាណ ៨,៦៧លានដុល្លារ។
ទន្ទឹមនឹងនេះ ឯកឧត្តម បានគូសបញ្ជាក់ថា អគ្គនាយកដ្ឋានពន្ធដារ ត្រៀមដាក់ឱ្យអនុវត្តនូវកម្មវិធីរដ្ឋបាលអេឡិចត្រូនិក (GDT e-Administration) ដែលនឹងផ្តល់ភាពងាយស្រួល ឆាប់រហ័ស ចំណេញពេលវេលា និងផ្តល់ភាពជឿទុកចិត្តលើការផ្តល់សេវាអ្នកជាប់ពន្ធ ក្នុងការដាក់លិខិតរដ្ឋបាល ផ្សេងៗមកអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត-ខណ្ឌ។ យន្តការនេះ គឺបានបង្កើតនូវជម្រើសតាមអនឡាញបន្ថែមពីលើជម្រើស ដែលអ្នកជាប់ពន្ធមកអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត-ខណ្ឌ ផ្ទាល់។

អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ឯកឧត្តម គង់ វិបុល បានរំពឹងទុកថា ការប្រកាសនិងបង់ប្រាក់ពន្ធលើប្រាក់ ចំណូលសម្រាប់ឆ្នាំ២០២៣ នឹងទទួលបាននូវលទ្ធផលល្អប្រសើរ ដោយមិនមានការថមថយឡើយ តាមរយៈប្រព័ន្ធពន្ធដារ e-Filing និង ToI e-Filing ដែលរឹងមាំនិងមានតម្លាភាព ដែលជាយន្តការយ៉ាងសំខាន់ ក្នុងការពង្រឹងការផ្ទៀងផ្ទាត់ការ ដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធ (Cross check)៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236