កាណាដា ផ្តល់ថវិកា ២៦,៦ម៉ឺនដុល្លារ ជួយគាំទ្រការរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពី«ពិភពលោកមួយដែលគ្មានមីន»
Posted by -
Phoung Somphors
Published on -
22/2/2024 10:19 PM

ភ្នំពេញ៖ កាណាដា ផ្តល់ថវិកាចំនួន៣៦ ម៉ឺនដុល្លារកាណាដា ស្មើនឹងប្រមាណ២៦,៦ ម៉ឺនដុល្លារអាម៉េរិកដើម្បីគាំទ្រដំណើរការរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្សឆ្នាំ២០២៤ (អនុសញ្ញាអូតាវ៉ា)។ កិច្ចប្រជុំកំពូលនេះកម្ពុជាត្រូវបានបោះឆ្នោតជាប់ធ្វើជាប្រធាន និងម្ចាស់ផ្ទះ។

ឯកឧត្តម Alan Bowman អគ្គនាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងអូសេអានី នៃក្រសួងការបរទេស ពាណិជ្ជកម្ម និងអភិវឌ្ឍន៍នៃប្រទេសកាណាដា ក្នុងជំនួបជាមួយនឹងឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ បានអបអរសាទរចំពោះភាពជាប្រធាន និងម្ចាស់ផ្ទះនៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ របស់កម្ពុជា ពិសេសផ្តល់នូវការគាំទ្រដល់ដំណើរការរៀបចំនេះ។ ជាមួយគ្នានេះ ឯកឧត្តម Alan Bowman ក៏បានសរសើរអំពីការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា និងសមិទ្ធផលសម្រេចបានក្នុងការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមកន្លងមក។

តាមការចុះផ្សាយរបស់អាជ្ញាធរមីន ក្នុងជំនួបនេះ ឯកឧត្តមបណ្ឌិត លី ធុជ លើកឡើងថា រដ្ឋាភិបាល និងប្រជាជនកាណាដា បានរួមចំណែកដល់ការអភិវឌ្ឍនៅកម្ពុជា និងបានរួមចំណែកគាំទ្រដល់វិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា។ ពិសេស ផ្តល់ការគាំទ្រដល់ដំណើរប្រព្រឹត្តិទៅនៃការរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពី៖«ពិភពលោកមួយដែលគ្មានមីន»។ អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានប្រាប់ទៅឯកឧត្តម Alan Bowman ថា រដ្ឋាភិបាលកម្ពុជា បានផ្តល់នូវការគាំទ្រដល់ការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា ពិសេសបានដាក់ចេញនូវចក្ខុវិស័យដឹកនាំក្នុងការដោះស្រាយបញ្ហាមីនឱ្យអស់ត្រឹមឆ្នាំ២០២៥៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236