ឆ្នាំ២០២៣ មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានថវិកាជាង ២១លានដុល្លារ ខណៈដែលបានចំណាយរហូតដល់ទៅជាង ៤០លានដុល្លារ
Posted by -
Phoung Somphors
Published on -
24/2/2024 11:10 PM

ភ្នំពេញ៖ ក្នុងឆ្នាំ២០២៣ មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានថវិកាចំនួន ២១,០៨ លានដុល្លារ ពីប្រភពនានា ដូចជា វិភាគទានរបស់រាជរដ្ឋាភិបាល, ការកាត់កម្រៃពីការលក់សំបុត្រចូលទស្សនាតំបន់រមណីយដ្ឋានអង្គរ, វិភាគទានរបស់កាកបាទក្រហម និងវិភាគទានរបស់សប្បុរសជនទូទៅ។ ប្រៀបធៀបនឹងឆ្នាំ២០២២ ថវិកាបរិច្ចាគដែលមូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានមានការកើនឡើង ១៣% និងទទួលបានសមាជិកសរុបចំនួនប្រមាណ ២៧១ ៧០២នាក់។ មូលនិធិគន្ធបុប្ផាកម្ពុជា បានផ្ទេរថវិកាជូនមន្ទីរពេទ្យចំនួនប្រមាណ ៣, ៥៨ លានដុល្លារ ផងដែរ។

ក្នុងឆ្នាំ២០២៣ កន្លងទៅនេះ មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅភ្នំពេញ និងនៅខេត្តសៀមរាប ដែលបាន ចំណាយថវិកាសរុបប្រមាណ ៤០,៧១៥ លានដុល្លារ ដើម្បីបន្តបេសកកម្មផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺដល់ ទារក កុមារ និងស្ត្រីមានផ្ទៃពោះ ដោយឥតគិតថ្លៃ លើករណីសំខាន់ៗ រួមមាន៖ អ្នកជំងឺកុមារមកពិគ្រោះ និង ព្យាបាលនៅផ្នែកចំនួន ៨៩៩ ៦៩២ករណី។ ចំពោះ កុមារដែលបានចូលមកសម្រាកព្យាបាលក្នុងមន្ទីរពេទ្យចំនួន ១៨៤ ០៥៥នាក់, ស្ត្រីមានផ្ទៃពោះបានពិនិត្យ និងព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅ (មន្ទីរពេទ្យគន្ធបុប្ផាសៀមរាប) ចំនួន ១០៨ ៧១៩ករណី និងសម្រាលកូនបានចំនួន ២១ ៦៤៤ នាក់។ បន្ថែមពីនេះ សម្រាប់ករណីព្យាលជំងឺគ្រុនឈាមធ្ងន់ធ្ងរចំនួន ១៦ ១៦០ នាក់, វះកាត់ សរុបចំនួន ២៧ ៧០០ នាក់, កុមារមានជំងឺបេះដូងពីកំណើតត្រូវបានវះកាត់បេះដូង និងអន្តរាគមន៍ឆ្លុះភ្លែត សរសៃបេះដួងចំនួន ៩៤៩នាក់។

បើតាមលទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០២៤ មូលនិធិគន្ធបុប្ផាកម្ពុជា បានបង្ហាញសកម្មភាពផ្សព្វផ្សាយ និងទិសដៅបន្តក្នុងការកៀរគរការបរិច្ចាគ ដោយបាននិងបន្តការខិតខំអំពាវនាវដើម្បីកៀរគរថវិកាបរិច្ចាគពីសមាជិកបច្ចុប្បន្ន ព្រមទាំងបំផុសការបរិច្ចាគពីសប្បុរសជនទូទៅបន្ថែមទៀត។

ក្នុងសកម្មភាពផ្សេងដែលបានអនុវត្តន៍នោះ មានដូចជា ការជំរុញការបង្កើត គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាប្រចាំក្រសួង-ស្ថាប័ន, រដ្ឋបាលរាជធានី-ខេត្ត និងក្រុមហ៊ុនឯកជន ការបង្កើន ការផ្សព្វផ្សាយលើបណ្តាញសារព័ត៌មាន និងសង្គម ការធ្វើបទបង្ហាញនៅតាមសមាគមធុរកិច្ច និងបណ្តាគ្រឹះស្ថាន ឧត្តមសិក្សា នៅតាមបណ្តារាជធានី-ខេត្ត ការដាក់បដារមូលនិធិនៅតាមទីសាធារណៈ។

ទន្ទឹមនឹងនេះ មូលនិធិគន្ធបុប្ផាកម្ពុជា បានបន្តរៀបចំយុទ្ធនាការកៀរគរការបរិច្ចាគនានា ដូចជា ការរៀបចំកម្មវិធីដើរដើម្បីកុមារកម្ពុជា, កម្មវិធីប្រកួតកីឡាបាល់ទាត់, កម្មវិធីប្រកួតវាយសី កម្មវិធីជិះកង់ដើម្បីកុមារកម្ពុជា និងកីឡាផ្សេងៗទៀត ការប្រគំតន្ត្រីដើម្បីភាពញញឹមកុមារ និងយុទ្ធនាការជា ច្រើនទៀត ដោយមានកិច្ចសហការពីបណ្តាក្រសួងស្ថាប័ន ធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុ និងក្រុមហ៊ុនឯកជន។

ឯកឧត្តម ឧបនបនាយករដ្ឋមន្ត្រី ក៏បន្តអំពាវនាវឱ្យមានការបរិច្ចាគច្រើនបន្ថែមទៀត និងបានលើកទឹកចិត្ត មូលនិធិគន្ធបុប្ផាកម្ពុជា និងមន្ទីរពេទ្យគន្ធបុប្ផា ឱ្យបន្តខិតខំប្រឹងប្រែងបំពេញការងារដ៏មានសារសំខាន់នេះ ថែមទៀត ដើម្បីចូលរួមកសាង និងអភិវឌ្ឍមូលធនមនុស្ស ជាពិសេសកុមារ ដែលជាទំពាំងស្នងឫស្សីរបស់ប្រទេសកម្ពុជា។

«ការចូលរួមបរិច្ចាគ និងការលើកស្ទួយស្មារតី«ខ្មែរជួយខ្មែរ»ឱ្យបានកាន់តែទូលំទូលាយ នឹងមិនត្រឹមតែជួយសង្គ្រោះជីវិតកុមារកម្ពុជារាប់លាននាក់នោះទេ ថែមទាំងបង្កើនស្មារតីបង្កើនស្មារតីសាមគ្គីភាពក្នុងសង្គមកម្ពុជាឱ្យកាន់តែរឹងមាំ»។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា គូសបញ្ជាក់យ៉ាងដូច្នេះ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236