គម្រោង១៧៤ ក្នុងផែនការមេប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា២០២៣-២០៣៣ ត្រូវការទុនវិនិយោគ ៣៦,៦ប៊ីលានដុល្លារ
Posted by -
Phoung Somphors
Published on -
25/2/2024 11:37 PM

ភ្នំពេញ៖ រាជរដ្ឋាភិបាល តាមរយៈក្រុមប្រឹក្សារអភិវឌ្ឍន៍កម្ពុជា(CDC) បានជំរុញឱ្យផ្នែករដ្ឋ និងវិស័យឯកជន រួមគ្នាផ្សព្វផ្សាយអំពី«ផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា២០២៣-២០៣៣»។ នេះបើតាមឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលជាប្រធានក្រុមប្រឹក្សាជាតិភស្ដុភារកម្ម ដោយឯកឧត្តមបញ្ជាក់ថា ផែនការមេថ្នាក់ជាតិថ្មីមួយនេះ បង្កើតឡើងក្នុងគោលបំណងទាក់ទាញការវិនិយោគលើគម្រោងចំនួន ១៧៤គម្រោង និងត្រូវការទុនវិនិយោគចំនួន ៣៦,៦ប៊ីលានដុល្លារ។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិភស្ដុភារកម្មផងនោះ ឱ្យដឹងថា ផែនការមេនេះ មានចក្ខុវិស័យក្នុងការបន្តកែលម្អ និងអភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទីក ផ្តោតលើការជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងអរូបវន្ត ឆ្ពោះទៅរកការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ មានការតភ្ជាប់ខ្ពស់ និងភាពប្រទាក់ក្រឡាទាំងក្នុងប្រទេស និងជាមួយតំបន់ ដែលបន្តរួមចំណែកជំរុញ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ពិសេសបំពេញសេចក្តីត្រូវការសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន។

ក្នុងការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នៃកិច្ចប្រជុំពិនិត្យពិភាក្សានៅក្នុងកិច្ចប្រជុំលើកទី៤ របស់ក្រុមប្រឹក្សាជាតិភស្ដុភារកម្ម ដើម្បីពិនិត្យវឌ្ឍនភាពនៃផែនការមេគ្រប់ជ្រុងជ្រោយស្ដីពី«ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣» ត្រូវបានរាជរដ្ឋាភិបាលអនុម័តឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ ដែលក្នុងនោះមានផែនការមេចំនួន៧ សំយោគបញ្ចូលគ្នា រួមមាន៖ ផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក កំពង់ផែ ភស្តុភារកម្ម ផ្លូវអាកាស និងដឹកជញ្ជូនអន្តរមធ្យោបាយ។

ក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាព នៃផែនការមេនេះ ដឹកនាំដោយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិភស្ដុភារកម្ម ដោយមានរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម រដ្ឋមន្ត្រីក្រសួងផែនការ និងតំណាងស្ថាប័នឯកជនប្រមាណ ២០០រូប ចូលរួម៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236