ADB និង FTB រួមគ្នាគាំទ្រសហគ្រិន និង MSMEs នៅកម្ពុជា តាមរយៈកម្មវិធី TSCFP
Posted by -
Phoung Somphors
Published on -
24/2/2024 11:07 PM

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) សហកាគ្នា បង្កើនហិរញ្ញវត្ថុពាណិជ្ជកម្មនៅកម្ពុជា ជាពិសេសសម្រាប់សហគ្រាសធុនមីក្រូ តូច និង មធ្យម (MSMEs) របស់កម្ពុជា ក្នុងខែកុម្ភៈនេះ តាមរយៈកម្មវិធីហិរញ្ញវត្ថុខ្សែសង្វាក់ពាណិជ្ជកម្ម និង ការផ្គត់ផ្គង់ របស់ ADB ។

កិច្ចព្រមព្រៀងតាមរយៈការបង្កើនហិរញ្ញវត្ថុពាណិជ្ជកម្មសហគ្រិន និង MSME តាមរយៈកម្មវិធីហិរញ្ញវត្ថុខ្សែសង្វាក់ពាណិជ្ជកម្ម និង ការផ្គត់ផ្គង់ (Trade and Supply Chain Finance Program - TSCFP)នេះត្រូវបាន នាយកប្រតិបត្តិរបស់ធនាគារ FTB លោក ឌិត សុចល ចុះហត្ថលេខាជាមួយនឹងលោកស្រី Jyotsana Varma នាយិកា ADB ប្រចាំកម្ពុជា នៅនិវាសដ្ឋានបេសកកម្មប្រចាំនៅកម្ពុជារបស់ ADB ។

ក្នុងពិធីចុះហ្ថលេខានោះ លោកស្រី Jyotsana Varma បានឱ្យដឹងថា កិច្ចព្រមព្រៀងនេះ គឺជាផ្នែកមួយនៃគំនិត ផ្តួចផ្តើមអភិវឌ្ឍន៍វិស័យឯកជនរបស់ ADB ដើម្បីលើកកម្ពស់ការចូលរួមរបស់វិស័យនេះ ក្នុងការធ្វើ ពិពិធកម្ម សេដ្ឋកិច្ចរបស់កម្ពុជា។ យន្តការនេះ នឹងដោះស្រាយគម្លាតទីផ្សារ ដោយផ្តល់ហិរញ្ញប្បទានតាមរយៈ ធនាគារដៃគូ ដើម្បីគាំទ្រដល់ពាណិជ្ជកម្ម និងសហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលតំណាងឱ្យ ប្រមាណ ៩៩% នៃសហគ្រាសទាំងអស់នៅក្នុងប្រទេសកម្ពុជា។

លោក ឌិត សុចល ប្រធាននាយកប្រតិបត្តិ ធនាគារ FTB ក៏បានលើកឡើងដែរថា កិច្ចព្រមព្រៀងហិរញ្ញវត្ថុពាណិជ្ជកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់នេះ ធនាគារមានគោលបំណងជួយសម្របសម្រួល និងពង្រីកការប្រកួតប្រជែងផលិតផលហិរញ្ញវត្ថុពាណិជ្ជកម្មឱ្យកាន់តែទូលំទូលាយ ដល់អតិថិជនរបស់យើង តាមរយៈការធ្វើឱ្យខ្សែសង្វាក់ផ្គត់ផ្គង់ពាណិជ្ជកម្ម និងការផ្គត់ផ្គង់រួមបញ្ចូលគ្នា និងប្រកបដោយចរីភាព។

សូមជម្រាបផងដែរថា «ពាណិជ្ជកម្ម» គឺជាផ្នែកសំខាន់មួយនៃការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា ហើយកិច្ចសហប្រតិបត្តិការថ្មីនេះ នឹងផ្តល់ឱកាសបន្ថែមទៀតដើម្បីពង្រីកការគាំទ្រសម្រាប់ជំនួញ និងពាណិជ្ជកម្មក្នុងតំបន់ និងអន្តរជាតិ។ ADB គឺជាប្រភពជំនួយអភិវឌ្ឍន៍ផ្លូវការដ៏ធំបំផុតមួយរបស់ប្រទេស ដោយផ្តល់ប្រាក់កម្ចីប្រចាំឆ្នាំជាមធ្យម ប្រមាណ ៣៦៣.២៨ លានដុល្លារចាប់ពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២៣៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236