អង់គ្លេស នឹងផ្តល់ថវិកាជិត ៤លានដុល្លារ សម្រាប់សកម្មភាពអប់រំនិងបោសសម្អាតមីននៅកម្ពុជា
Posted by -
Phoung Somphors
Published on -
2/3/2024 10:14 AM

ភ្នំពេញ៖ រដ្ឋាភិបាលចក្រភពអង់គ្លេស នឹងផ្ដល់មូលនិធិថ្មីចំនួន ៣,៨លានដុល្លារ តាមរយៈអង្គការ Mines Advisory Group (MAG) និង The HALO Trust (HALO) សម្រាប់បោសសម្អាតមីន និងអប់រំសហគមន៍អំពីហានិភ័យមីននៅកម្ពុជា។

បើតាមការចុះផ្សាយរបស់ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា កាលពី២០ ខែកម្ភៈ ឆ្នាំ២០២៤ អង្គការទាំងពីដែលនឹងទទួលបានជំនួយ រំពឹងថា ការផ្តល់មូលនិធិរបស់ចក្រភពអង់គ្លេសនេះ នឹងជួយរំដោះដីសម្រាប់កសិកម្ម លំនៅឋាន និងសេវាកម្មសង្គមមូលដ្ឋានដូចជា សាលារៀន មន្ទីរពេទ្យ ទឹកស្អាត និងអនាម័យ ជាដើម។

មូលនិធិនេះ ក៏នឹងជួយគាំទ្រនិងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងសហគមន៍ជុំវិញពិភពលោក រួមទាំងស្តារជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់ជនបទ និងតំបន់ដែលខ្វះខាត ព្រមទាំងពង្រឹងផលិតកម្មក្នុងស្រុក និងសន្តិសុខស្បៀងអាហារ។

ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា លោក Dominic Williams ឱ្យដឹងថាដូច្នេះថា ខ្ញុំរីករាយដែលចក្រភពអង់គ្លេស នឹងផ្តល់មូលនិធិបន្ថែមគាំទ្ររដ្ឋាភិបាលកម្ពុជា សម្រាប់ប្រទេសកម្ពុជាគ្មានមីននៅឆ្នាំ២០២៥។ រយៈពេលជាង ៣០ឆ្នាំមកហើយ ការផ្តល់មូលនិធិរបស់ចក្រភពអង់គ្លេស បានគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងជាវីរភាពនៃអ្នកដោះមីនកម្ពុជា និងអន្តរជាតិក្នុងការបោសសម្អាតមីន សម្រាប់ការប្រើប្រាស់ដីប្រកបដោយផលិតភាព ការពារសហគមន៍ និងជួយសង្គ្រោះជីវិតបុគ្គល។

កន្លងមក ចក្រភពអង់គ្លេស បានផ្តល់មូលនិធិតាមរយៈអង្គការ MAG និងHALO អស់ប្រមាណជាង ២១លានដុល្លារ ហើយ សម្រាប់សកម្មភាពជួយបោសសម្អាតមីន និងអប់រំសហគមន៍ ពីហានិភ័យអំពីមីននៅប្រទេសចំនួន៨ នៅទ្វីបអាហ្វ្រិកនិងអាស៊ី ក្នុងនោះកម្ពុជាទទួលបាន ៣,៨លានដុល្លារ។ ការផ្តល់មូលនិធិនេះ នឹងបង្កើតឱកាសដល់ស្ត្រីនៅក្នុងប្រទេសអង់ហ្គោឡា កម្ពុជា និងឡាវ តាមរយៈការបង្កើនការងារ និងការអភិវឌ្ឍអាជីពក្នុងការដោះមីន ជាមួយនឹងការវិនិយោគជាបន្តបន្ទាប់ ក្នុងការបណ្តុះបណ្តាលបុគ្គលិក៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236