គម្រោងចំនួន២ មានទុនជិត៦០០លានដុល្លារ ត្រូវបាន CDC វាយតម្លៃខ្ពស់ក្នុងការវិនិយោគនៅខេត្តព្រះសីហនុ
Posted by -
Phoung Somphors
Published on -
7/3/2024 12:59 PM

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបើកកិច្ចពិភាក្សា និងវាយតម្លៃលើសំណើសុំវិនិយោគរបស់ក្រុមហ៊ុនចំនួន២ នៅថ្ងៃទី២៨ កុម្ភៈ ឆ្នាំ២០២៤ ដែលមានទំហំទុនវិនិយោគជិត ៦០០លានដុល្លារ។ បើតាមការចុះផ្សាយនៅលើបណ្តាញសង្គមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្រុមហ៊ុនទាំង២ ដែលគ្រោងវិនិយោគនៅក្នុងខេត្តព្រះសីហនុនោះ បានទទួលការលើកទឹកចិត្តពី CDC និងត្រូវបានវាយតម្លៃថា នឹងជះឥទិ្ធពលយ៉ាងវិជ្ជមានដល់សេដ្ឋកិច្ចខេត្តព្រះសីហនុទាំងមូល។

ក្នុងកិច្ចពិភាក្សានោះ បានវាយតម្លៃនូវភាពសមស្រប លក្ខណៈសម្បត្តិ និងពិនិត្យលទ្ធភាពរបស់គម្រោងវិនិយោគ ដោយ CDC បានវិភាគលើបញ្ហាសេដ្ឋកិច្ច និងសង្គម ព្រមទាំងកំណត់វិធីសាស្ត្រគ្រប់គ្រងឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល សំដៅធ្វើយ៉ាងណាទាញប្រយោជន៍ដល់ជាតិឱ្យបានជាអតិបរមា និងមានផលប៉ះពាល់តិចតួចបំផុត។ លទ្ធផលនៃកិច្ចប្រជុំពិភាក្សា និងវាយតម្លៃនោះ បានបង្ហាញថា គម្រោងវិនិយោគទាំង២ នឹងចូលរួមលើកកម្ពស់សេដ្ឋកិច្ចខេត្តព្រះសីហនុកាន់តែប្រសើរថែមទៀត ក៏ដូចជាការសម្រួចឱ្យខេត្តព្រះសីហនុ នឹងក្លាយជាច្រករបៀងសេដ្ឋកិច្ចដ៏សំខាន់សម្រាប់កម្ពុជាផងដែរ។

ក្រុមហ៊ុនទាំងពីនោះ គឺទី១. ក្រុមហ៊ុន Ban Dao Investment Co., LTD មានទុនវិនិយោគ ៥៧៤ ០០០ ០០០ ដុល្លារអាមេរិក ដោយវិនិយោគក្នុងការសាងសង់សណ្ឋាគារលំដាប់ផ្កាយ៥ ចំនួន ២ ៨៧០បន្ទប់ នៅក្នុងមូលដ្ឋានពយតាម៉ូង សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ចំពោះ ក្រុមហ៊ុនទី២ គីក្រុមហ៊ុន Haoruidar (Cambodia) Co., LTD មានទុនវិនិយោគ ១២ ៣៥០ ១៩០ ដុល្លារអាមេរិក ដោយវិនិយោគក្នុងការសាងសង់រោងចក្រកែច្នៃផ្លែឈើក្នុងស្រុក (ស្វាយ ម្នាស់ ខ្នុរ និងទុរេន) ស្ថិតនៅក្នុងឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

កាលពីពេលថ្មីៗនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ ដែលផ្តល់នូវអត្ថប្រយោជន៍ពិសេសមួយចំនួនដល់ដល់វិនិយោគិនទាំងក្នុងស្រុក និងវិនិយោគិនបរទេសផងដែរ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236