កម្ពុជា រកចំណូលបានពីការលក់សំបុត្រទស្សនារមណីយដ្ឋានអង្គរជាង ១១លានដុល្លារ ក្នុងរយៈពេល២ខែដើមឆ្នាំ២០២៤
Posted by -
Phoung Somphors
Published on -
7/3/2024 12:59 PM

ភ្នំពេញ៖ រយៈពេល២ខែដើមឆ្នាំ២០២៤ កម្ពុជា រកចំណូលពីការលក់សំបុត្រចូល ទស្សនាអង្គរ ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀសបានសរុបជាង ១១,២៣លានដុល្លារ កើនឡើង ៥២,០៩% បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ ដល់ភ្ញៀវទេសចរអន្តរជាតិសរុបជាង ២៣,៥ម៉ឺននាក់ កើនបាន ៥០,២៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។

បើតាមការចុះផ្សាយរបស់គ្រឹះស្ថានអង្គរ កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ ចំណូលពីការលក់សំបុត្រនៅប្រាសាទកោះកែររយៈពេល ២ខែនេះ បានជាង ៨,៦៩ម៉ឺនដុល្លារ និងទទួលបានចំនួនភ្ញៀវទេសចរបរទេសសរុប ៥ ៧៩៦នាក់។ ចំពោះ ចំណូលពីការលក់សំបុត្រទូក ទទួលបានចំណូលជាង ២០ម៉ឺនដុល្លារ។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ ក៏បានឱ្យដឹងពីការលក់សំបុត្រដល់ភ្ញៀវទេសចរអន្តរជាតិ ដើម្បីចូលទស្សនារមណីយដ្ឋានអង្គរ ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀស នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៤ បានជាង ៥,៧៣លានដុល្លារ និងទទួលបានភ្ញៀវទេសចរបរទេសសរុប ១២០ ៣១៨នាក់។ ដោយឡែក ចំណូលឧបត្ថម្ភមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងរយៈពេល២ខែដើមឆ្នាំ២០២៤នេះ គឺមានទំហំជាង ៤៧ម៉ឺនដុល្លារ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236