រដ្ឋាភិបាលចិន ផ្តល់ជំនួយឥតសំណងជាង៧លានដុល្លារ ដើម្បីជួសជុលកែលម្អអគារទីស្តីការគណៈរដ្ឋមន្ត្រី
Posted by -
Phoung Somphors
Published on -
7/3/2024 12:16 AM

ភ្នំពេញ៖ រដ្ឋាភិបាលចិន តាមរយៈស្ថានទូតចិនប្រចាំនៅកម្ពុជា បានផ្តល់ជំនួយហិរញ្ញប្បទានឥតសំណងចំនួន ៥៣,២លានយ័ន ស្មើនឹងប្រមាណ ៧,៣ លានដុល្លារដល់កម្ពុជា ដើម្បីអនុវត្តគម្រោងជួសជុលកែលម្អអគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី។ ពិធីផ្តល់ជំនួយនេះ ត្រូវបានចុះហត្ថលេខាដោយឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងលោកស្រី Zhong Jie ទីប្រឹក្សានៃស្ថានទូតចិនប្រចាំនៅកម្ពុជា នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ នាទីស្តីការគណៈរដ្ឋមន្ត្រី។

បើតាមការចុះផ្សាយរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា នឹងកំពុងបន្តពង្រឹង និងពង្រីកទំនាក់ទំនងចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងចិននិងកម្ពុជា។ ជាពិសេស ផ្តោតលើក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងគំនិតផ្តួចផ្តើមឆ្នាំ២០២៤ ដែលជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបញ្ជាក់ថា៖ ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគីទាំងពីរ ពិសេស ក្របខ័ណ្ឌខ្សែក្រវាត់ និងផ្លូវ ក្នុងនោះមានគម្រោងវិនិយោគសំខាន់ៗជាច្រើនបានលេចរូបរាងឡើង ដូចជា៖ ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ, ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ, អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ខណៈដែលផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ក៏នឹងលេចរូបរាងនៅថ្ងៃខាងមុខ ដែលបានចូលរួមបង្កើនការភ្ជាប់បណ្តាញគមនាគមន៍ និងជាកត្តាដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ និងប្រាក់ចំណូលជូនប្រជាជន»។

ឯកឧត្តម វង្សី វិស្សុត បានបន្ថែមថា ការផ្តល់ជំនួយទាំងបច្ចេកទេសនិងហិរញ្ញវត្ថុដល់កម្ពុជានេះ បានរួមចំណែកពង្រឹងទំនាក់ទំនង និងសហប្រតិបត្តិការល្អបន្ថែមទៀតរវាងប្រទេសទាំងពីរ និងសង្ឃឹមថា សាធារណរដ្ឋប្រជាមានិតចិន នឹងបន្តជួយកម្ពុជាលើគ្រប់វិស័យនាពេលអនាគត ស្របតាមសេចក្តីថ្លែងការណ៍រួមស្តីពីការកសាងសហគមន៍វាសនារួមរវាងកម្ពុជា-ចិន ក្នុងយុគសម័យថ្មី៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236