សម្តេច ម៉ែន សំអន ស្នើដល់ស្រ្តីដែលប្រើបច្ចេកវិទ្យាឌីជីថលឱ្យត្រិះរិះពិចារណាដើម្បីកុំឱ្យក្លាយជនរងគ្រោះតាមអនឡាញ
Posted by -
Phoung Somphors
Published on -
11/3/2024 11:51 PM

ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានមានប្រសាសន៍ថាស្ត្រី ដែលប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ត្រូវប្រើប្រាស់ដោយការត្រិះរិះនិងប្រុងប្រយ័ត្នដើម្បីកុំឱ្យក្លាយជាអន្ទាក់នៃការឆបោកតាមអនឡាញ។ ការលើកឡើងយ៉ាងដូច្នេះរបស់សម្តេចកិត្តិសង្គហបណ្ឌិតម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ដល់ស្រ្តីទាំងអស់ក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ២០២៤ ខួបទី១១៣ ក្រោមមូលបទ៖«ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល»។

សម្តេច ម៉ែន សំអន បានបញ្ជាក់ថាការប្រារព្ធពិធីរំលឹកខួបទិវាអន្តរជាតិនារី ៨ មីនា ២០២៤ នៅស្រុកស្វាយជ្រំនេះធ្វើឡើងក្នុងគោលបំណងរំលេចអំពីសក្តានុពល និងភាពចាំបាច់នៃការលើកកម្ពស់ការចូលរួមរបស់ស្ត្រី និងក្មេងស្រី ក្នុងវិស័យឌីជីថលប្រកបដោយប្រសិទ្ធភាពនិងសុវត្ថិភាព។ ការលើកឡើងពីប្រធានបទ«ស្ត្រីនិងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល»នេះ ជាការឆ្លើយតបទៅនឹងបរិបទនៃការវិវត្តរបស់សង្គមនៅក្នុងយុគសម័យឌីជីថល និងស្របតាមចក្ខុវិស័យនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រដ្ឋាភិបាលដែលមានក្របខ័ណ្ឌលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រី។

តាមការចុះផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចម៉ែន សំអន កាលពីថ្ងៃទី០៤ មីនា សម្តេច ម៉ែន សំអន សង្កេតឃើញថាស្របនឹងការរីកចម្រើននៃបច្ចេកវិទ្យា មនុស្សគ្រប់វ័យ គឺកំពុងប្រឈមនិងរងនូវផលប៉ះពាល់ក្នុងបរិបទនៃសម័យឌីជីថល។ សម្តេចកិត្តិសង្គហបណ្ឌិត បានបន្ថែមថា អ្នកប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតត្រូវផ្តោតលើការយកចិត្តទុកដាក់ក្នុងការប្រើប្រាស់ ប្រកបដោយការទទួលខុសត្រូវខ្ពស់និងត្រូវចេះត្រិះរិះពិចារណាឱ្យបានល្អិតល្អន់ ព្រោះថាបចេ្ចកវិទ្យាបានជួយសម្រួលដល់ការបម្រើការងារប្រចាំថ្ងៃ ប៉ុន្តែ បច្ចេកវិទ្យាក៏អាចធ្វើឱ្យអ្នកប្រើប្រាស់មានបញ្ហាផងដែរ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236