រយៈពេល៦ឆ្នាំ SDF ផ្តល់ថវិកាជិត៣លានដុល្លារ គាំទ្រដល់ការបណ្តុះជំនាញក្នុងវិស័យទេសចរណ៍
Posted by -
Phoung Somphors
Published on -
11/3/2024 11:51 PM

ភ្នំពេញ៖ មូលនិធិអភិវឌ្ឍន៍ជំនាញ(SDF) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តល់ឥណទានចំនួន ២,៨៩លានដុល្លារ គាំទ្រដល់សកម្មភាពបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍និងបានបណ្តុះបណ្តាលអ្នកជំនាញសរុបចំនួន ៣ ៦១៩នាក់ ក្នុងរយៈពេល៦ឆ្នាំកន្លងមកនេះ។ បច្ចុប្បន្នមូលនិធិអភិវឌ្ឍន៍ជំនាញ គ្រោងផ្តល់ជំនួយឧបត្ថម្ភបន្ថែមទៀតដល់ប្រតិបត្តិករទេសចរណ៍។

ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា(HoKa)សម្រាប់ខេត្តសៀមរាប កាលពីថ្ងៃទី៥ មីនា  ដល់សមាគមឧស្សាហកម្មទេសចរណ៍សាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ និងវិស័យឯកជនប្រមាណ ១០០នាក់ ក្រសួងទេសចរណ៍បានឱ្យដឹងថា ក្រសួងទេសចរណ៍ និងមូលនិធិរបស់ SDF គ្រោងនឹងផ្តល់ជំនួយឧបត្ថម្ភបន្ថែមទៀតដល់ប្រតិបត្តិករទេសចរណ៍។ ខេត្តគោលដៅចំនួន៦រាជធានី-ខេត្ត ដែលមូលនិធិអភិវឌ្ឍន៍ជំនាញ(SDF) ផ្តល់ឱ្យគឺរាជធានីភ្នំពេញ ខេត្តសៀមរាប កំពត ព្រះសីហនុ កំពង់ធំនិងកំពង់ចាម ដើម្បីលើកកម្ពស់ការបណ្តុះបណ្តាលជំនាញបដិសណ្ឋារកិច្ច។

តាមរយៈការចុះផ្សាយរបស់ក្រសួងទេសចរណ៍កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ ក្នុងសិក្ខាសាលាខាងលើ ការផ្តល់ជំនួយបណ្តុះបណ្តាលនេះស្របតាមគោលនយោបាយបណ្តុះបណ្តាលធនធានមនុស្សរបស់ក្រសួងទេសចរណ៍ ជាពិសេសយុទ្ធនាការ«បុគ្គលិកម្នាក់ ជំនាញមួយ» ការបណ្តុះបណ្តាលស្តង់ដារសមត្ថភាពអាស៊ាននិងការបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា និងការរៀបចំការបណ្តុះបណ្តាលខាងក្នុង (In-HouseTraining) របស់ប្រតិបត្តិករទេសចរណ៍ផងដែរ។

គម្រោងផ្តល់ថវិកាគាំទ្រដល់វិស័យទេសចរណ៍នេះ ដើម្បីចូលរួមស្តារឡើងវិញនូវសម្បទាវិជ្ជាជីវៈទេសចរណ៍និងការកសាងមូលធនមនុស្ស ដោយផ្តោតលើការលើកកម្ពស់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ទាំងក្នុងទម្រង់អភិវឌ្ឍន៍ជំនាញដល់សិក្ខាកាមមុនចូលបម្រើការងារ, ការអភិវឌ្ឍជំនាញដល់និយោជិតរបស់រោងចក្រ-សហគ្រាស, ការអភិវឌ្ឍជំនាញដល់និយោជិតដែលប្ដូរជំនាញថ្មី,ទម្រង់បណ្តុះបណ្តាលថ្មីដូចជាកម្មវិធីហ្វឹកហាត់កូនជាង, ការបណ្តុះបណ្តាលនៅកន្លែងធ្វើការ និងការបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ។

បន្ថែមពីនេះគម្រោងក៏ផ្តល់ជំនួយ ក្នុងគោលបំណងលើកកម្ពស់ការអនុវត្តមូលនិធិអភិវឌ្ឍន៍ជំនាញតាមរយៈការអនុវត្តកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា ជាមួយសមាគមឧស្សាហកម្មទេសចរណ៍និងប្រតិបត្តិករទេសចរណ៍ ដើម្បីបណ្តុះបណ្តាលជំនាញ ស្របតាមតម្រូវការទីផ្សារការងារនិងការវិវត្តថ្មីៗក្នុងវិស័យទេសចរណ៍ផងដែរ។ ជាងនេះទៅទៀត គឺដើម្បីពង្រឹងសមត្ថភាពគ្រូបង្គោលទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ដើម្បីបង្កើនធនធានមនុស្សដែលអាចធានាដល់និរន្តរភាព និងចីរភាព៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236