កម្ពុជា នាំចេញអង្ករបានជាង៩០ពាន់តោន គិតជាទឹកប្រាក់ជាង៦៥លានដុល្លារ ២ខែដើមឆ្នាំ២០២៤
Posted by -
Phoung Somphors
Published on -
11/3/2024 11:51 PM

ភ្នំពេញ៖ ត្រឹមរយៈពេល ២ខែ ឆ្នាំ២០២៤ កម្ពុជា នាំចេញអង្ករ ៩០ ១៥៣តោន ដែលមានទំហំទឹកប្រាក់ ៦៥,៤៨លានដុល្លារ ទៅកាន់គោលដៅចំនួន៥០ តាមរយៈក្រុមហ៊ុនចំនួន ៤០ក្រុមហ៊ុន។

តាមសេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជានាថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤ គោលដៅចំនួន៥០ ដែលកម្ពុជានាំចេញអង្ករនោះ រួមមាន៖ ប្រទេសនៅក្នុងទ្វីបអឺរ៉ុបចំនួន២២ នាំចេញបាន ៥១ ៣៣៣តោន មានទឹកប្រាក់់ ៣៨,៣៧លានដុល្លារ, ប្រទេសជាសមាជិកអាស៊ានមានចំនួន៥ នាំចេញបាន ១៨ ៧៥៣តោន មានទំហំទឹកប្រាក់ ១៣,៣៦លានដុល្លារ, ទៅកាន់ប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័តចំនួន ១១ ០៨៣តោន ទទួលបានទឹកប្រាក់ ៦,៨១លានដុល្លារ និងទៅកាន់១៣ ប្រទេសផ្សេងៗទៀតនៅអាហ្វ្រិក មជ្ឈឹមបូព៌ា មានចំនួន ៨ ៩៨៤តោន មានទឹកប្រាក់ ៦,៩០លានដុល្លារ។

សេចក្តីប្រកាស ដដែលបានគូសបញ្ជាក់ថា ប្រភេទអង្ករដែលកម្ពុជានាំចេញ មានដូចជា៖ អង្ករក្រអូបគ្រប់ប្រភេទមាន ៨៤,៧២%, អង្ករសគ្រាប់វែងមានចំនួន ១១,៥៣%, អង្ករចំហ៊ុយមាន ២,១៧% និងអង្ករសរីរាង្គមាន ១,៧០%។ ដោយឡែក កម្ពុជា បាននាំចេញស្រូវទៅកាន់ប្រទេសជិតខាងចំនួន ១ ៣៦៨ ៣២២តោន ដែលមានទឹកប្រាក់ ៣៩៥,៧២លានដុល្លារ ក្នុងនោះ ចំនួន ៦៥%ឆ្លងកាត់ការស្នើសុំបញ្ជាក់ឯកសារនាំចេញពីអាជ្ញាធរមានសមត្ថកិច្ច៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236