អូស្រា្តលី ផ្តល់ហិរញ្ញប្បទាន ២ពាន់លានដុល្លារ សម្រាប់វិស័យពាណិជ្ជកម្មនិងការវិនិយោគរបស់អូស្ត្រាលី ក្នុងបណ្តាប្រទេសអាស៊ាន​
Posted by -
Phoung Somphors
Published on -
14/3/2024 12:35 PM

ភ្នំពេញ៖ ប្រមុខរដ្ឋាភិបាលរបស់អូស្រ្តាលី លោក អាល់បូនីស៊ីប្រកាសផ្តល់ហិរញ្ញប្បទាន ២ពាន់លានដុល្លារ ជួយលើកកម្ពស់វិស័យពាណិជ្ជកម្មនិងការវិនិយោគរបស់ប្រទេសអូស្ត្រាលីនៅក្នុងតំបន់ប្រទេសអាស៊ាន​។ការប្រកាសផ្តល់ហិរញ្ញប្បទាននេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលីដើម្បីភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគកាន់តែស៊ីជម្រៅ នៅថ្ងៃទី០៦ ខែមីនាឆ្នាំ២០២៤។

អូស្ត្រាលី កំពុងត្រៀមខ្លួនដើម្បីអនាគតមួយនេះរួមទាំងតាមរយៈការធ្វើជាម្ចាស់ផ្ទះវេទិកាថ្នាក់ដឹកនាំធុរកិច្ចក៏ដូចជាសន្និសីទសហគ្រាសធុនតូច និងមធ្យមនៅសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីឱកាសនិងបញ្ហាប្រឈមនានាក្នុងការបង្កើនពាណិជ្ជកម្មនិងការវិនិយោគទ្វេភាគីរវាងអាស៊ីអាគ្នេយ៍ និងប្រទេសអូស្ត្រាលី។

កិច្ចប្រជុំកំពូលនេះ បានជំរុញការអនុវត្តយុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍របស់ប្រទេសអូស្ត្រាលីរួមទាំងការប្រកាសរបស់ លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី អាល់បូនីស៊ីនូវការផ្តល់ហិរញ្ញប្បទានដែលមានទឹកប្រាក់ចំនួន ២ពាន់លានដុល្លារដើម្បីជួយលើកកម្ពស់វិស័យពាណិជ្ជកម្ម និងការវិនិយោគរបស់ប្រទេសអូស្ត្រាលីនៅក្នុងតំបន់ក៏ដូចជាមុខតំណែងថ្មីនៅស្ថានទូត ដូចជាមន្ត្រីផ្នែកវិនិយោគព្រមទាំងការបង្កើតការិយាល័យកណ្តាល នៅប្រទេសសិង្ហបុរី ហ្សាកាតា និងទីក្រុងហូជីមិញដោយមានតំណាងទូទាំងតំបន់រួមទាំងនៅទីនេះនៅទីក្រុងភ្នំពេញផងដែរ។ 

ឯកឧត្តម Don Farrell រដ្ឋមន្ត្រីពាណិជ្ជកម្មនិងទេសចរណ៍ប្រទេសអូស្ត្រាលី បានមានប្រសាសន៍ថា ការទាញយកសក្តានុពលពេញលេញនៃទំនាក់ទំនងសេដ្ឋកិច្ចរបស់យើងគឺច្រើនជាងការជំរុញពាណិជ្ជកម្មរបស់យើងទៅទៀត។ ការវិនិយោគរបស់ប្រទេសអូស្ត្រាលី កាន់តែស៊ីជម្រៅនៅក្នុងតំបន់អាស៊ីអាគ្នេយ៍និងការពន្លឿនការវិនិយោគពីបណ្តាប្រទេសជាដៃគូអាស៊ានរបស់យើងនៅទីនេះក្នុងប្រទេសអូស្ត្រាលី។ក្រៅពីនេះ អាស៊ាន និងអូស្ត្រាលី មានទំនាក់ទំនងគ្នាតាមផ្នែកជាច្រើន ដូចជាភូមិសាស្ត្រ ស្ថាប័នរាជរដ្ឋាភិបាល ការអប់រំ ប្រជាជន វប្បធម៌ និងសហគមន៍នានាផងដែរ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236