អូស្ត្រាលី ផ្តល់ជំនួយជាង២២២លានដុល្លារ សម្រាប់អនុវត្តកម្មវិធី«ភាពជាដៃគូទន្លេមេគង្គ-អូស្ត្រាលី»
Posted by -
Phoung Somphors
Published on -
14/3/2024 12:35 PM

ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោកជំទាវ Penny Wong បានប្រកាសពីការផ្តល់ជំនួយបន្ថែមរបស់អូស្ត្រាលីចំនួន ២២២.៥ លានដុល្លារ ដើម្បីគាំទ្រដល់ភាពធន់ និងវិបុលភាពនៃអនុតំបន់មេគង្គតាមរយៈកម្មវិធីភាពជាដៃគូមេគង្គ-អូស្ត្រាលី នៅក្នុងនៅក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី។

ការផ្តល់ជំនួយនេះសម្រាប់រយៈពេល៥ឆ្នាំដែលនឹងត្រូវផ្តល់ឱ្យជាពីរដំណាក់កាល ដើម្បីផ្តោតលើការដោះស្រាយអាទិភាពនិងបញ្ហាប្រឈមនានារួមគ្នា ដោយផ្តោតជាពិសេសលើការកែលម្អសន្តិសុខផ្លូវទឹកការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនិងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជាកាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤។

រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី Wong បានឱ្យដឹងថា កម្មវិធីភាពជាដៃគូមេគង្គ-អូស្ត្រាលី(MAP)នេះ គឺបំពេញបន្ថែមភាពជាដៃគូទ្វេភាគីដ៏យូរអង្វែងរបស់អូស្ត្រាលីនិងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អាស៊ាន។អូស្ត្រាលីនឹងបន្តធ្វើការជាមួយបណ្តាដៃគូទន្លេមេគង្គរបស់យើង ដើម្បីរៀបចំនិងធានាអនាគតនៃតំបន់ និងប្រជាជនដែលរស់នៅក្នុងតំបន់នោះ។

ការផ្តល់ជំនួយបន្ថែមជាង២២២លានដុល្លារនេះ កម្ពុជាក៏ទទួលបានការគាំទ្រពីប្រទេសអូស្រ្តាលី តាមរយៈកម្មវិធីភាពជាដៃគូមេគង្គ-អូស្ត្រាលី (MAP) ដោយរួមមានការសាងសង់ជណ្តើរត្រីនៅទំនប់ស្លែងក្នុងខេត្តសៀមរាបដែលនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋចំនួន ៥.០០០ គ្រួសារនិងការអភិរក្សប្រភេទត្រីក្នុងស្រុកជាង ១០០ប្រភេទផងដែរ។ បន្ថែមពីនេះក្រោមជំនួយសម្រាប់កម្មវិធី MAP កម្មវិធីអាហារូបករណ៍អូស្ត្រាលីAustralia Awards ក៏បានផ្តល់វគ្គសិក្សាជំនាញខ្លីៗចំនួន ១៨ដល់ប្រជាជនកម្ពុជាដែលមានទេពកោសល្យចំនួន ៤០២នាក់ផងដែរដោយផ្តោតលើប្រធានបទពីការនិយាយជាសាធារណៈទាក់ទងនឹងច្បាប់សមុទ្រ។ក្នុងភាពជាដៃគូជាមួយធនាគារពិភពលោក កម្មវិធី MAP ក៏បានគាំទ្រដល់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនិងការប្រមូលធនធានក្នុងស្រុកផងដែរ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236