ក្នុងខែ២ ឆ្នាំ២០២៤ CDC អនុម័តគម្រោងវិនិយោគចំនួន៣៧ មានទំហំទុនជិត ១,២ពាន់លានដុល្លារ
Posted by -
Phoung Somphors
Published on -
14/3/2024 12:35 PM

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន ៣៧គម្រោងដែលមានទុនវិនិយោគជិត ១,២ពាន់លានដុល្លារ ក្នុងខែកុម្ភៈឆ្នាំ២០២៤នេះ ដោយគម្រោងទាំងអស់អាចបង្កើតការងារបាន ៣៨ពាន់កន្លែង។

បើតាមការចុះផ្សាយរបស់ CDC នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ គម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មទាំង ៣៧ មាននៅក្រៅតំបន់សេដ្ឋកិច្ចពិសេសចំនួន២៤គម្រោង ដែលមានគម្រោងពង្រីកផលិតកម្មចំនួន១ និងគម្រោងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន១៣ដែលមានគម្រោងពង្រីកផលិតកម្មចំនួន១។

CDC បានឱ្យដឹងថា គម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស រួមមាន៖ គម្រោងវិនិយោគសាងសង់វារីអគ្គិសនីស្ទឹងមេទឹកអានុភាព១៥០MW មានទីតាំងស្ថិតនៅស្ទឹងមេទឹក ស្រុកមណ្ឌលសីមាខេត្តកោះកុង មានទុនវិនិយោគ ៤៤០លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២២០កន្លែង។ រីឯគម្រោងវិនិយោគសាងសង់កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំងដែលមានទីតាំងនៅភូមិកែងតាសុខ ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងមានទុនវិនិយោគជាង ១០៨លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១១៥កន្លែង។

ចំណែក គម្រោងវិនិយោគបង្កើតនិងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ ដែលមានទីតាំងស្ថិតនៅភូមិ១ សង្កាត់ស្រះចកខណ្ឌដូនពេញ រាជធានីភ្នំពេញ មានទំហំវិនិយោគជាង ១០៧លានដុល្លារនិងអាចបង្កើតការងារបានចំនួន ៥៤កន្លែង។ ចំពោះ គម្រោងវិនិយោគបង្កើតនិងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ ដែលមានទីតាំងស្ថិតនៅសង្កាត់ទួលសង្កែទី២ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៣០លានដុល្លារអាចបង្កើតការងារបានចំនួន ៤៣កន្លែង។

ដោយឡែក ក្នុងតំបន់សេដ្ឋកិច្ចពិសេសមានគម្រោងពង្រីកផលិតកម្មរបស់គម្រោងវិនិយោគផលិតសំបកកង់រថយន្តដែលស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ ជាន ពុ ចាយ នៅខេត្តស្វាយរៀងក្នុងទុនវិនិយោគបន្ថែមចំនួន ២១២លានដុល្លារ អាចបង្កើតការងារបន្ថែមបានចំនួន៦៥៥កន្លែង។

សូមជម្រាបផងដែរថា វិនិយោគិនក្នុងស្រុកបានគ្របដណ្តប់ទុនវិនិយោគចំនួន ៥៨,៤១%ខណៈដែលទុនវិនិយោគមកពីប្រទេសចិនមានចំនួន ៣៣,១៩%, ប្រទេសសិង្ហបុរីមានចំនួន ៤,៣១%, និងប្រទេសវៀតណាមមានចំនួន ៤,០៩% ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236