ប្រតិបត្តិការបង្ក្រាបបទល្មើស«ឆបោកតាមប្រព័ន្ធអនឡាញ» នៅខេត្តព្រះសីហនុឃាត់ខ្លួនបានមនុស្សជាង៤៧០នាក់
Posted by -
Phoung Somphors
Published on -
14/3/2024 12:57 PM

ភ្នំពេញ៖ ក្រុមការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញបានចុះប្រតិបត្តិការបង្ក្រាបទីតាំងចំនួន២ នៅក្នុងខេត្តព្រះសីហនុដោយរកឃើញមនុស្សប្រមាណ ៤៧៩នាក់ ក្នុងនោះមនុស្សចំនួន ២៨៤នាក់កំពុងកសាងសំណុំរឿងទៅសាលាដំបូងខេត្តព្រះសីហនុ ចំណែក ១៩៥នាក់ទៀត ត្រូវបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីត្រៀមបណ្តេញចេញ។

បើតាមការចុះផ្សាររបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍កាលពីថ្ងៃទី១១ខែមីនា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤ក្រុមការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ បានចុះបង្ក្រាបទីតាំងទី១នៅអតីតកាស៊ីណូ ភែរឺដល អាយលែន (Paradis Island) បានរកឃើញជនបរទេសប្រមាណ១៧២នាក់ (ស្រី ៤៣នាក់) មាន ៤សញ្ជាតិ ក្នុងនោះរួមាមាន៖ វៀតណាម (១០៩នាក់) ថៃ(៥៤នាក់) ចិនតៃវ៉ាន់ (៨នាក់) និងចិន (១នាក់)។ ក្នុងនោះ អ្នកគ្រប់គ្រងចំនួន៥នាក់(ស្រី ២នាក់) មាន ២សញ្ជាតិ ចិនតៃវ៉ាន់ ៤នាក់ (ស្រី ២នាក់) និងចិន ១នាក់កំពុងកសាងសំណុំរឿងទៅសាលាដំបូងខេត្តព្រះសីហនុ ចាត់ការតាមផ្លូវច្បាប់ជាធរមាន។សម្រាប់ ជនបរទេសចំនួន ១៦៧នាក់ទៀត (ស្រី ៤១នាក់) មាន ៣សញ្ជាតិ មានដូចជា៖ វៀតណាម(១០៩នាក់) ថៃ (៥៤នាក់) និងចិនតៃវ៉ាន់ (៤នាក់)ត្រូវបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រៀមបណ្តេញចេញ។

ចំណែក នៅថ្ងៃទី១០ ខែឆ្នាំដដែរក្រុមការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ បានចុះបង្ក្រាបទីតាំងទី២រកឃើញជនជាតិខ្មែរប្រមាណ ២៧៩នាក់ (ស្រី ២២៧នាក់) និងរកឃើញជនបរទេសប្រមាណ ២៨នាក់(ស្រី ០៣នាក់) មាន ២សញ្ជាតិ រួមមាន៖ ចិន (២នាក់) និងមីយ៉ាន់ម៉ា (១នាក់)។ សម្រាប់ជនបរទេសចំនួន ២៨នាក់ (ស្រី ០៣នាក់) មានសញ្ជាតិ មានដូចជា៖ ចិន (២៧នាក់)និងមីយ៉ាន់ម៉ា (១នាក់) ត្រូវបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីត្រៀមបណ្តេញចេញ។

ការចុះបង្ក្រាបទីតាំងទាំងពីរខាងលើអនុវត្តតាមសារាចរណ៍ណែនាំរបស់ប្រមុខរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤និងតាមរយៈលិខិតបង្គាប់របស់ក្រសួងមហាផ្ទៃក្នុងគោលបំណងលុបបំបាត់ឲ្យអស់នៅទីតាំងដែលមានបទល្មើសឆបោកតាមប្រព័ន្ធអនឡាញគ្រប់ប្រភេទនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236