ជប៉ុន ផ្តល់ជំនួយ ១៥៤លានដុល្លារ សម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍មន្ទីរពេទ្យក្នុងតំបន់
Posted by -
Phoung Somphors
Published on -
20/3/2024 5:25 PM

ភ្នំពេញ៖ កម្ពុជា និងជប៉ុន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េន ដែលមានទឹកប្រាក់ចំនួន ២១.១០៤ លានយ៉េន (ប្រមាណ ១៥៤ លានដុល្លារអាម៉េរិក) សម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍មន្ទីរពេទ្យក្នុងតំបន់។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤នេះ ឱ្យដឹងថា ការផ្តល់ឥណទានសម្បទាននេះ ជាប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលជប៉ុន ក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ចំពោះការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ គម្រោងផ្តល់ជំនួយគាំទ្រនេះ នឹងរួមចំណែកដល់ការពង្រឹងទំនាក់ទំនងយូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាង ប្រទេសទាំងពីរ ដែលនៅក្នុងឆ្នាំ២០២៣ ត្រូវបានដំឡើងកម្រិតទៅជា«ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយ»។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដែលធ្វើឡើងនៅនៅទីស្តីការក្រសួងនេះ គឺឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម កុមឺរ៉ាម៉ាសាហ៊ីរ៉ូ (KOMURA Masahiro) អនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន បានចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធមួយចំនួនផងដែរ៕

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណជប៉ុន នៅក្នុងដំណើរការស្វែងរកសន្តិភាពនៅកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះជំនួយអភិវឌ្ឍន៍របស់ជប៉ុនលើគ្រប់វិស័យ ក្នុងកិច្ចខិតខំប្រឹងប្រែងរួមចំណែកស្តារ និងកសាងប្រទេសកម្ពុជាឡើងវិញបន្ទាប់ពីការបំផ្លិចបំផ្លាញដោយសង្រ្គាមស៊ីវិលរាប់ទសវត្សរ៍ ដែលជាការរួមចំណែកមិនអាចខ្វះបាន ក្នុងការលើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236