ធនាគារពិភពលោក ផ្តល់កម្ចីបន្ថែម ៣៥លានដុល្លារ ដើម្បីកែលម្អផ្លូវធន់នឹងអាកាសធាតុក្នុងខេត្តចំនួន៣
Posted by -
Phoung Somphors
Published on -
24/3/2024 11:50 PM

ភ្នំពេញ៖ ធនាគារពិភពលោក បានអនុម័តឥណទានចំនួន ៣៥លានដុល្លារបន្ថែម សម្រាប់គម្រោងកែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដើម្បីសាងសង់ផ្លូវ និងស្ពានក្នុងខេត្តកំពង់ចាម ត្បូងឃ្មុំ និងក្រចេះ សម្រាប់ទប់ទល់នឹងឥទ្ធិពលនៃអាកាសធាតុ និងឱ្យប្រជាពលរដ្ឋប្រើប្រាស់។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក កាលពីថ្ងៃទី១៥ មីនា ការផ្តល់ឥណទាននេះ ដើម្បីបង្កើនភាពធន់របស់ផ្លូវសម្រាប់ពលរដ្ឋប្រើប្រាស់ចូលទៅរកទីផ្សារ ទៅសាលារៀន និងទៅរកសេវាសុខាភិបាលនៅខេត្តចំនួន៣ខាងលើ មានប្រជាជនជាង២លាននាក់ ដែលក្នុងនោះ ៨០% នៃចំនួនប្រជាជន រស់នៅតាមទីជនបទ។

ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំនៅកម្ពុជា លោកស្រី ម៉ារីយ៉ាម សាលីម បានឱ្យដឹងថា លទ្ធភាពចូលទៅរកសេវាថែទាំសុខភាព សាលារៀន និងការដឹកជញ្ជូនទំនិញទៅកាន់ផ្សារ គឺសុទ្ធតែជាបញ្ហាប្រឈមធំ សម្រាប់ប្រជាពលរដ្ឋកម្ពុជារស់នៅតាមទីជនបទ ជាពិសេសនៅក្នុងរដូវវស្សា។ លោកស្រី ម៉ារីយ៉ាម សាលី បញ្ជាក់យ៉ាងដូច្នេះថា ស្ថានភាពផ្លូវអន់ ការកាត់ផ្តាច់ដោយទឹកជំនន់ និងចំណាយខ្ពស់លើការដឹកជញ្ជូន បង្កឱ្យមានឧបសគ្គធំៗដល់លទ្ធភាពទទួលបានសេវាថែទាំសុខភាព និងការសង្គ្រោះបន្ទាន់ សម្រាប់ស្ត្រីមានផ្ទៃពោះ។

សេចក្តីប្រកាសព័ត៌មានដដែល បានឱ្យដឹងទៀតថា គម្រោងកែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ នេះ ផ្តល់ថវិកាវិនិយោគសម្រាប់បណ្តាញតភ្ជាប់ផ្លូវនៅតាមខេត្ត ដែលជាបណ្តាញផ្លូវប្រឈមខ្លាំង នឹងហានិភ័យប្រែប្រួលអាកាសធាតុ ផ្លូវដែលគ្មានកម្រាលកៅស៊ូឬបេតុង និងសំណង់គ្រប់គ្រងទឹកជំនន់។

សូមជម្រាបផងដែរថា គម្រោងនេះ ក៏បានជួយដល់ការអភិវឌ្ឍផ្នែកស្ថាប័នសំខាន់ៗ នៅក្រោមក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងអភិវឌ្ឍន៍ជនបទ សម្រាប់ការរៀបចំបង្កើតយុត្តិសាស្ត្រហិរញ្ញប្បទាន ក្នុងការទ្រទ្រង់ផ្លូវជនបទធន់អាកាសធាតុ ការគាំទ្រដល់ការអនុវត្តផែនការសកម្មភាពបញ្ជ្រាបយេនឌ័រ និងការគ្រប់គ្រងកិច្ចសន្យាផ្អែកលើសមិទ្ធកម្មការងារ សម្រាប់ការកែលម្អ និងការថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវ ឱ្យមានចីរភាពកាន់តែប្រសើរឡើងផងដែរ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236