ទិវាជាតិលើកទី២ ក្រសួង MISTI លើកយកប្រធានបទ«សហគ្រាសធុនតូច និងមធ្យមឆ្ពោះទៅវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍»
Posted by -
Phoung Somphors
Published on -
22/3/2024 11:59 PM

ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) នឹងរៀបចំ«ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» ជាលើកទី២ នៅថ្ងៃទី២៤ ដល់ ២៦ ខែមីនាឆ្នាំ២០២៤ ខាងមុខនេះ ដោយលើកយកប្រធានបទ៖«សហគ្រាសធុនតូច និងមធ្យមឆ្ពោះទៅវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» មកពិភាក្សា។

ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» ជាលើកទី២ ដែលនឹងរៀបចំធ្វើនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រយៈពេល៣ថ្ងៃនោះ មានគោលបំណងបំផុសចលនាឱ្យសហគ្រាសធុនតូច និងមធ្យមកម្ពុជាចាប់យកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីបង្កើនផលិតកម្ម និងផលិតភាពរបស់ខ្លួន និងពន្លឿនការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក្នុងយុគសម័យឧស្សាហកម្មជំនាន់ទី៤។

បើតាមក្រសួង MISTI មានកម្មវិធីសំខាន់ៗចំនួន៥ នៅក្នុងទិវាជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២៤នេះ ដោយមានដូចជា ពិព័រណ៍បច្ចេកវិទ្យា និងគ្រឿងឧបករណ៍កម្មន្តសាល, ពិព័រណ៍វិទ្យាសាស្ត្រ, វេទិកាពិភាក្សាស្តីពីបច្ចេកវិទ្យា, ពានរង្វាន់អ្នកវិទ្យាសាស្ត្រកម្ពុជាឆ្នើម និងកម្មវិធីពានរង្វាន់នវានុវត្តន៍សម្រាប់វិស័យសាធារណៈ។

សម្រាប់ទិវាថ្នាក់ជាតិលើកទី២ ដែលមានវត្តមានរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចូលរួមផងដែរនោះ បើកទូលាយឱ្យសាធារណជនចូលរួមដោយសេរី និងជាពិសេស បណ្តាក្រុមហ៊ុនបច្ចេកវិទ្យា, ក្រុមហ៊ុនផលិតឧបករណ៍ គ្រឿងបន្លាស់ វត្ថុធាតុដើម, សេវាជួសជុលគ្រឿងម៉ាស៊ីន, អ្នកផ្តល់ដំណោះស្រាយឌីជីថល និងអ្នកផ្តល់ដំណោះស្រាយហិរញ្ញវត្ថុ សម្រាប់សហគ្រាសធុនតូច-មធ្យម ដើម្បីស្វែងយល់អំពីសក្តានុពល និងឱកាសសម្រាប់ការអភិវឌ្ឍធុរកិច្ចរបស់ខ្លួនតាមរយៈវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បន្ថែមទៀត៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236