ជប៉ុន ផ្តល់ជំនួយជាង៨៥ម៉ឺនដុល្លារ ដល់ស្ថាប័នចំនួន២ដើម្បីលើកកម្ពស់ការប្រើបច្ចេកវិទ្យាព័ត៌មានវិទ្យា និងឱកាសការងារជនមានពិការភាព
Posted by -
Phoung Somphors
Published on -
25/3/2024 11:40 PM

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបចំនួន៨៥៤,៩៥៦ ដុល្លារ ដល់ស្ថាប័នទទួលជំនួយចំនួនពីរក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន។ ការផ្តល់ជំនួយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤នេះ ត្រូវលោកឯកឧត្តម អ៊ូអិណុ  អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា សង្ឃឹមថា នឹងកែលម្អគុណភាពជីវិតរបស់ប្រជាជនក្នុងទីតាំងគម្រោងនីមួយៗនិងលើកកម្ពស់មិត្តភាពជប៉ុន-កម្ពុជា បន្ថែមទៀត។

គម្រោងទី១ បានផ្តល់ឱ្យអង្គការក្រៅរដ្ឋាភិបាលបេះដូងមាស (HoG) ក្នុងការអនុវត្ត“គម្រោងអភិវឌ្ឍគ្រឹះស្ថានឧត្តមសិក្សាអប់រំគ្រូបង្រៀនអប់រំកាយ ដែលមានគុណភាពរយៈពេលបួនឆ្នាំតាម រយៈការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍” (ឆ្នាំទី២) ដែលមានថវិកាចំនួន៥៥៣,៩៦៩ដុល្លារ។

ចំណែកឯ គម្រោងទី២ បានផ្តល់ឱ្យសម្រាប់ជំនួយនិងសង្គ្រោះនៃប្រទេសជប៉ុន (AAR Japan) ក្នុងការអនុវត្ត«ការលើកកម្ពស់ឱកាសការងារសម្រាប់ជនមានពិការភាពតាមរយៈការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្រ្តីនិងការពង្រឹងបណ្តាញទំនាក់ទំនងជាមួយសហគមន៍ក្នុងខេត្តកណ្តាល» នូវថវិកាចំនួន ៣០០,៩៨៧ដុល្លារ។

ការផ្តល់ជំនួយឥតសំណងនេះ ត្រូវបានលោកឯកឧត្តមអ៊ូអិណុ  អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញនិង ពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា ចុះហត្ថលេខា ជាមួយនឹងអ្នកតំណាងអង្គការទាំងពីរ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236