ឥណទានជាប្រាក់រៀលកើន ២៥% រីឯ ប្រាក់បញ្ញើជាប្រាក់រៀលកើន ១៦% គិតត្រឹមឆ្នាំ២០២៣
Posted by -
Phoung Somphors
Published on -
4/4/2024 12:45 AM

ភ្នំពេញ៖ គិតត្រឹមដំណាច់ឆ្នាំ២០២៣ ឥណទានជាប្រាក់រៀលបានកើនឡើងដល់ ២៥ភាគរយ នៃផលបត្រឥណទានសរុប និងប្រាក់បញ្ញើជាប្រាក់រៀលបានកើនឡើងដល់ ១៦ភាគរយ នៃប្រាក់បញ្ញើសរុប។ តួលេខនេះ កើនលើសកម្រិតកំណត់ដោយបទប្បញ្ញត្តិ ដែលបង្ហាញពីការកើនឡើងនូវទំនុកចិត្តលើរូបិយប័ណ្ណជាតិ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ស្តីពី៖«វិស័យមីក្រូហិរញ្ញវត្ថុជួយជំរុញកំណើនប្រើប្រាស់ប្រាក់រៀលក្នុងឆ្នាំ២០២៣» កាលពីថ្ងៃទី២៥ មីនា ឆ្នាំ២០២៤ សមតុល្យឥណទានជាប្រាក់រៀល បានកើនឡើងដល់ ៥,៥៦ពាន់ពាន់លានរៀល។ ចំពោះ ប្រាក់បញ្ញើជាប្រាក់រៀលនៅតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ (MDI) ទាំង៤ បានកើនឡើងដល់ ១,៥២ពាន់ពាន់លានរៀល។ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានអះអាងថា កំណើននៃទិន្នន័យនេះ បង្ហាញឱ្យឃើញពីការផ្លាស់ប្តូរផ្នត់គំនិត នៃទម្លាប់សន្សំរបស់ប្រជាពលរដ្ឋឆ្ពោះទៅរកការសន្សំរូបិយប័ណ្ណក្នុងស្រុក។

ឥណទានមីក្រូហិរញ្ញវត្ថុ បានជះឥទ្ធិពលខ្លាំងលើសេដ្ឋកិច្ចកម្ពុជា តាមរយៈវិស័យផ្សេងៗដូចជា គ្រួសារ ពាណិជ្ជកម្ម កសិកម្ម និងផ្នែកផ្សេងៗទៀត។ ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោកជំទាវ ឌិត នីតា  បានគូសបញ្ជាក់ដូច្នេះថា អន្តរាគមន៍នៃឥណទានតាមវិស័យគោលដៅច្បាស់លាស់ មិនត្រឹមតែជំរុញសកម្មភាពសេដ្ឋកិច្ចប៉ុណ្ណោះទេ ហើយថែមទាំងបានសង្កត់ធ្ងន់លើតួនាទីរបស់វិស័យមីក្រូហិរញ្ញវត្ថុ ក្នុងការគាំទ្រការអភិវឌ្ឍប្រទេសកម្ពុជាទៀតផង៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236