រយៈពេល២ខែ កម្ពុជា នាំចេញផលិតផលទៅទីផ្សារកូរ៉េ ៨,៥៣លានដុល្លារ កើន ២៨៦,៩% ធៀបនឹងឆ្នាំ២០២៣
Posted by -
Phoung Somphors
Published on -
4/4/2024 12:45 AM

ភ្នំពេញ៖ រយៈពេល២ខែ ដើមឆ្នាំ២០២៤នេះ កម្ពុជា បាននាំចេញផលិតផលទៅកាន់ទីផ្សារកូរ៉េ ក្រោមកិច្ចព្រមព្រៀង CKFTA ក្នុងទំហំ ៨,៥៣លានដុល្លារ។ ទំហំពាណិជ្ជកម្មនាំចេញនេះ កំណើន ២៨៦,៩% ធៀបទៅនឹងរយៈពេល២ខែនៃឆ្នាំ២០២៣ ដែលមានទំហំត្រឹមតែ ២,២១លានដុល្លារ។

យោងតាមការចុះផ្សាយនៅលើទំព័រហ្វេសប៊ុករបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្ងៃទី២៧ ខែមីនា ២០២៤ ក្នុងជំនួបជាមួយនឹងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េ និងពាណិជ្ជករកូរ៉េ ទំហំនៃការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារបស់កូរ៉េខាងត្បូង ក្នុងឆ្នាំ២០២៣ ក្រោមកិច្ចព្រមព្រៀង CKFTA មានទំហំ ២៦,២១លានដុល្លារអាម៉េរិក ដែលមានកំណើនរហូត ២០៤៨% បើធៀបទៅនឹងឆ្នាំ២០២២ ដែលមានទំហំត្រឹម ១,២២លានដុល្លារអាម៉េរិក។

ទិន្នន័យដែលត្រូវបានសម្តេចធិបតីលើកឡើងនៅលើទំព័រហ្វេសប៊ុករបស់សម្តេចធិបតីនេះ នាឱកាសដែលសម្តេចជួបពិភាក្សាការងារ នៅវិមានសន្តិភាព ជាមួយនឹងឯកឧត្តម In-kyo CHEONG, រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េ និងលោក Chang Dae-Whan ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Maekyung Media Group និងគណ:ប្រតិភូ នៃក្រុមហ៊ុន Samsung Electronics, ក្រុមហ៊ុន Booyoung, ក្រុមហ៊ុន LS Group និងក្រុមហ៊ុន LX International ព្រមទាំងមន្ត្រីជាន់ខ្ពស់របស់សាធារណរដ្ឋកូរ៉េ។

សូមបញ្ជាក់ថា ក្រុមហ៊ុន Maekyung Media Group ជាក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយដ៏ធំមួយរបស់សាធារណរដ្ឋកូរ៉េ ដែលមានប្រតិបត្តិការលើគ្រប់រូបភាព នៃការផ្សព្វផ្សាយតាមរយៈកាសែត, ទូរទស្សន៍, ទស្សនាវដ្ដីប្រចាំសប្តាហ៍ និងប្រចាំខែ និងកាសែតអេឡិចត្រូនិក។ ក្រុមហ៊ុននេះ នៅពុំទាន់មានសកម្មភាពវិនិយោគនៅប្រទេសកម្ពុជានៅឡើយទេ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236