ចិន ផ្តល់ជំនួយឥតសំណង ៤.៤លានដុល្លារ មកកម្ពុជា សម្រាប់បោសសម្អាតមីនក្នុងខេត្តចំនួន៣
Posted by -
Phoung Somphors
Published on -
4/4/2024 12:45 AM

ភ្នំពេញ៖ រដ្ឋាភិបាលចិន តាមរយៈស្ថានទូតចិនប្រចាំនៅកម្ពុជាបានផ្តល់ជំនួយឥតសំណងដល់កម្ពុជា ចំនួន៤.៤លានដុល្លារ ដើម្បីគាំទ្រអង្គភាពCMAC ក្នុងការអនុវត្ត«គម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា»។ បើតាមមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ជំនួយសម្រាប់ឆ្នាំ២០២៤នេះនឹងត្រូវអនុម័តផ្តល់ឱ្យជាផ្លូវការនៅចុងខែមីនានេះ។

គម្រោងក្នុងឆ្នាំ២០២៤នេះ CMAC មានផែនការបន្តកិច្ចប្រតិបត្តិការបោសសម្អាតមីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមក្នុងខេត្តចំនួន៣រួមមាន ខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្តព្រះវិហារដោយផ្ដោតលើសកម្មភាពសំខាន់ៗចំនួន៣។ នេះបើតាមការចុះផ្សាយរបស់ CMAC ។

សកម្មភាពសំខាន់ៗនោះគឺការបោសសម្អាតផ្ទៃដីមានបញ្ហាគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមចំនួនជាង៣.៤០០ហិកតា, ការស្រាវជាវនិងប្រមូលព័ត៌មានអំពីសំណល់យុទ្ធភណ្ឌសង្គ្រាមនិងគ្រាប់បែកចង្កោមចំនួនប្រមាណ៩០០០ពហុកោណ(ទីតាំង)និងការពង្រឹងសមត្ថភាពថ្នាក់ក្រោមជាតិលើការងារអប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារមីននិងសង្គ្រោះជនពិការដោយសារមីនចំនួនជាង៣០០គោលដៅ។

CMAC បានឱ្យដឹងទៀតថា គម្រោងក្នុងឆ្នាំ២០២៤ដែល CMAC នឹងបន្តកិច្ចប្រតិបត្តិការបោសសម្អាតមីននិងសំណល់យុទ្ធភណ្ឌក្នុងខេត្តទាំង៣នោះ នឹងផ្តល់ផលប្រយោជន៍ដោយផ្ទាល់និងដោយប្រយោលដល់ប្រជាពលរដ្ឋប្រមាណ៧០ម៉ឺននាក់។ គម្រោងផ្តល់ជំនួយនេះ ជាឆ្នាំទី២នៃគម្រោងជំនួយរយ:ពេល៣ឆ្នាំ មីនា ២០២៣-កុម្ភៈ ២០២៦ដែលមានជំនួយហិរញ្ញប្បទានឥតសំណងសរុបចំនួន ១៣.២លានដុល្លារអាម៉េរិក៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236