កម្ពុជា-កូរ៉េ ចុះ MOU ជំរុញវិស័យបច្ចេកវិទ្យារ៉ូបូតបម្រើឧស្សាហកម្មក្នុងសហគ្រាសធុនតូច-មធ្យមវិស័យផលិតកម្ម
Posted by -
Phoung Somphors
Published on -
4/4/2024 12:45 AM

ភ្នំពេញ៖ អគ្គនាយកដ្ឋានវិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ បានចុះអនុស្សារណៈនៃការយោគយល់គ្នាជាមួយនឹងវិទ្យាស្ថានកូរ៉េសម្រាប់ការអភិវឌ្ឍឧស្សាហកម្មរ៉ូបូតដើម្បីជំរុញវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ដោយផ្តោតលើឧស្សាហកម្មរ៉ូបូត។

ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌីបានឱ្យដឹងពីការចុះអនុស្សារណៈនេះគឺដើម្បីសាបព្រួសគ្រាប់ពូជសម្រាប់ការរីកធំធាត់នៃធុរកិច្ចបង្កើតថ្មីក្នុងឧស្សាហកម្មរ៉ូបូតដោយផ្តល់ឱ្យពួកគេនូវការណែនាំ និងការគាំទ្រចាំបាច់ដែលអាចប្រែក្លាយគំនិតនវានុវត្តន៍ទៅជាអាជីវកម្មដែលរីកចម្រើន។ ឯកឧត្តម ហែម វណ្ណឌីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានបញ្ជាក់ថា កម្ពុជា បានប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ស្តង់ដារពង្រឹងបទដ្ឋានឧស្សាហកម្មនិងការពារកម្មសិទ្ធិបញ្ញាក្នុងការអភិវឌ្ឍឧស្សាហកម្មរ៉ូបូតផងដែរ។

បើតាមក្រសួងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍អនុស្សារណៈនៃការយោគយល់គ្នាដែលធ្វើឡើងនៅក្នុងវេទិកាវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ លើកទី២ នាមជ្ឈមណ្ឌលកោះពេជ្រ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២៤គឺបង្កើតក្របខណ្ឌយុទ្ធសាស្រ្តសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗដែលជាផលប្រយោជន៍រួមរបស់ភាគីទាំងពីរ។ អនុស្សារណៈនេះក៏រួមបញ្ចូលទាំងការបង្កើតគោលនយោបាយគាំទ្រ និងយុទ្ធសាស្រ្តដើម្បីជំរុញបច្ចេកវិទ្យារ៉ូបូត ក៏ដូចជាសមានកម្មនិងការប្រើប្រាស់បច្ចេកវិទ្យារ៉ូបូតបម្រើឧស្សាហកម្ម (Industrialrobotic technology) នៅក្នុងសហគ្រាសធុនតូច និងមធ្យមវិស័យផលិតកម្មព្រមទាំងលើកកម្ពស់ការផ្ទេរបច្ចេកវិទ្យា និងគំនិតផ្តួចផ្តើមក្នុងការស្រាវជ្រាវនិងអភិវឌ្ឍន៍ផងដែរ។

អនុស្សារណៈនេះក៏រួមបញ្ចូលនូវកិច្ចសហប្រតិបត្តិការនានា ដូចជាការរៀបចំដំណើរបេសកកម្មពាណិជ្ជកម្មការបង្កើតភាពជាដៃគូអាជីវកម្មនៅក្នុងវិស័យនេះនិងការធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាបច្ចេកវិទ្យា ការតាំងពិព័រណ៌និងការងារផ្សព្វផ្សាយ ដើម្បីស្វែងរកដំណោះស្រាយរ៉ូបូត ជាដើម។ កិច្ចសហការក៏នឹងលើកកម្ពស់ស្តង់ដារឧស្សាហកម្ម និងស្តង់ដាររ៉ូបូតព្រមទាំងបង្កើតប្រព័ន្ធវិញ្ញាបនបត្រកម្មគុណភាពដ៏រឹងមាំ និងដឹកនាំការស្រាវជ្រាវនិងការស្ទង់មតិរួមគ្នាលើវិស័យរ៉ូបូត បញ្ញាសិប្បនិម្មិតនិងការធ្វើស្វ័យប្រវត្តិកម្ម៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236