កម្ពុជា រកចំណូលបានជាង ១៦លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាតំបន់អង្គរ ក្នុងត្រីមាសទី១ ឆ្នាំ២០២៤
Posted by -
Phoung Somphors
Published on -
23/4/2024 2:14 PM

ភ្នំពេញ៖ ក្នុងរយៈពេល៣ខែដំបូង ឆ្នាំ២០២៤ កម្ពុជា រកចំណូលពីការលក់សំបុត្រឱ្យភ្ញៀវបរទេស ដើម្បីចូលទស្សនារមណីយដ្ឋានអង្គរ ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្នៀស បានសរុបចំនួន ១៦ ៥៣៣ ២៩៣ដុល្លារ។ ចំនួននេះ បានកើនឡើង ៤៨,៤៧% ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៣។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ នាថ្ងៃទី១ ខែមេសានេះ។

ក្នុងសេចក្តីប្រកាសព័ត៌មានស្តីពី«ស្ថិតិភ្ញៀវបរទេស និងចំណូលដែលទទួលបានពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ប្រសាទកោះកែរ និងកំពង់ផែចុងឃ្មៀស ប្រចាំខែមីនា ឆ្នាំ២០២៤» រយៈពេល ៣ខែនេះ រមណីយដ្ឋានអង្គរ ទទួលបានភ្ញៀវអន្តរជាតិសរុប ៣៤៧ ៥៣៤នាក់ កើនឡើង ៤៧,០៥% ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៣។ ចំពោះ ការលក់បណ្ណឱ្យភ្ញៀវទេសចរអន្តរជាតិចូលទស្សនាប្រាសាទកោះកែរ មានចំនួន ៨ ០៧៧នាក់ ស្មើនឹង ១២១ ១៥៥ដុល្លារ។

ដោយឡែក ការលក់សំបុត្រទូក គ្រឹះស្ថានអង្គរទទួលបានចំណូល ៣០៤ ២១១ដុល្លារ ដែលទូកសរុបមានចំនួន៩ ៩៥៣។ ក្នុងនោះទូកតូចចំនួន ៦ ៣២១, ទូកកណ្តាលចំនួន៣ ១៥៤ និងទូកធំចំនួន៤៧៨។

សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា ក្នុងខែមីនា ឆ្នាំ២០២៤ មានភ្ញៀវបរទេសចូលទស្សនារមណីដ្ឋានអង្គរចំនួន ១១១ ៦៨៤នាក់ កើនឡើង៤០,៦៨% ធៀបនឹងខែមីនា ឆ្នាំ២០២៣ និងរកចំណូលបាន ៥ ២៩៨ ៦១៨ដុល្លារ កើនឡើង ៤១,៣៥% ធៀបនឹងខែមីនា ឆ្នាំ២០២៣៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236