រដ្ឋបាលក្រុងភ្នំពេញ បញ្ចេញរថយន្តក្រុង ៤៥៥គ្រឿង ត្រៀមដឹកពលរដ្ឋទៅលេងស្រុកកំណើត នាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ
Posted by -
Phoung Somphors
Published on -
23/4/2024 2:14 PM

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរៀបចំរថយន្តក្រុងចំនួន ៤៥៥គ្រឿង សម្រាប់ដឹកជញ្ជូនសាធារណៈ ដើម្បីជួយសម្រួលដល់ការចំណាយរបស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ ក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ នឹងត្រៀមស្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋ រយៈពេលចំនួន០៦ថ្ងៃ គឺចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤។

រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា រថយន្តក្រុងចំនួន ៦០គ្រឿង សម្រាប់ការដឹកជញ្ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ។ ចំណែកឯ រថយន្តក្រុងចំនួន ៣៩៥គ្រឿងផ្សេងតៀត គឺត្រៀមស្រាប់ប្រជាពលរដ្ឋដែលធ្វើដំណើរពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្ត និងពីបណ្តាខេត្តត្រលប់មករាជធានីភ្នំពេញវិញ។ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ពីពេលវេលាដែលនឹងត្រូវចាប់ផ្តើមចេញដំណើរពីម៉ោង ៦:៣០នាទីព្រឹក ដល់ ១១:៣០ នាទីព្រឹក ទៅតាមទីតាំងគោលដៅនីមួយៗ ដែលបានកំណត់។

ដើម្បីសម្រួលដល់ការធ្វើដំណើរ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានត្រៀមទឹកបរិសុទ្ធនៅក្នុងរថយន្តក្រុងនីមួយៗ តាមគោលដៅចេញដំណើរដោយឥតគិតថ្លៃទៀតផង។ ទន្ទឹមនឹងការត្រៀមរថយន្តក្រុង ដើម្បីជួយសម្រួលដល់ការចំណាយរបស់ប្រជាពលរដ្ឋ សាលាក្រុងភ្នំពេញ ក៏បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តដឹកជញ្ជូនអ្នកដំណើរ ឱ្យរក្សាតម្លៃដឹកជញ្ជូននៅដដែល នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនេះ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236