ក្រុងក្រចេះ និងក្រុងស្ទឹងត្រែង មានទីលានចាក់សំរាមស្តង់ដារ ដែលសាងសង់អស់ថវិកាជិត ១០លានដុល្លារ
Posted by -
Phoung Somphors
Published on -
23/4/2024 2:14 PM

ភ្នំពេញ៖ ទីលានទុកដាក់សំរាមក្រុងក្រចេះនិងក្រុងស្ទឹងត្រែង ដែលមានសមត្ថភាពប្រតិបត្តិការដល់ទៅ ២០ឆ្នាំស្របតាមបទដ្ឋានបច្ចេកទេស ដែលសាង់សង់អស់ថវិកាជិត១០លានដុល្លារ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី០២ខែមេសា ឆ្នាំ២០២៤នេះ។ ទីលានចាក់សំរាមទាំងពីរខេត្តគឺស្ថិតនៅក្រោមគម្រោងអភិវឌ្ឍន៍ទីក្រុងរបៀង នៃមហាអនុតំបន់មេគង្គ ជំហានទី៤ ដែលកម្ចីឥណទានពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB) សម្រាប់ការសាងសង់។ នេះបើតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤នេះ។

សម្រាប់ទីលានទុកដាក់សំរាមក្នុងក្រុងក្រចេះត្រូវបានសាងសង់លើផ្ទៃដី ៦ហិកតា នៃផ្ទៃដីសរុបទំហំ ២៦,៨៨ហិកតាស្ថិតនៅក្នុងភូមិផ្សារ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ ចំណាយថវិកាសាងសង់អស់ ៤៩៤៣ ៩៤៨ ដុល្លារអាម៉េរិក។ ទីលានចាក់សំរាមនេះ នឹងបម្រើឱ្យប្រជាពលរដ្ឋក្នុងក្រុងក្រចេះចំនួន៤ សង្កាត់ គឺសង្កាត់ក្រចេះ ក្រគរ អូរឬស្សី និងរកាកណ្តាល។

ចំពោះ ទីលានទុកដាក់សំរាមក្រុងស្ទឹងត្រែងត្រូវបានសាងសង់លើផ្ទៃដី ៧,២៦ហិកតា នៃផ្ទៃដីសរុបទំហំ ២០,៧៨ហិកតា ស្ថិតនៅក្នុងភូមិអូរត្រែល ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឺងត្រែង ចំណាយថវិកាសាងសង់អស់ ៤ ៨៣៨ ២០៧ ដុល្លារអាម៉េរិក។ទីលានចាក់សំរាមដែលទទួលបានកម្ចីឥណទាន ADB នេះ បម្រើឱ្យប្រជាពលរដ្ឋក្នុងក្រុងស្ទឹងត្រែងចំនួន០៥សង្កាត់ គឺសង្កាត់ស្ទឹងត្រែង ស្រះឬស្សី ព្រះបាត សាមគ្គី និងថាឡាបរិវ៉ាត់។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ការណ៍ដែលមានទីលានទុកដាក់សំរាមត្រឹមត្រូវស្របតាមបទដ្ឋានបច្ចេកទេសបែបនេះ គឺពិតជាបានចូលរួមចំណែកក្នុងការលើកកម្ពស់គុណភាពសុខុមាលភាពការរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់ ក៏ដូចជាតំបន់ជុំវិញ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236