កម្ពុជា នាំចេញអង្ករបានជាង ១៦៦ពាន់តោន គិតជាប្រាក់ជិត ១២៤លានដុល្លារ ក្នុងរយៈពេល៣ខែ ឆ្នាំ២០២៤
Posted by -
Phoung Somphors
Published on -
23/4/2024 2:14 PM

ភ្នំពេញ៖ កម្ពុជា សម្រេចបានការនាំចេញអង្ករចំនួន១៦៦ ៤៥១តោន ក្នុងរយៈពេល៣ខែ ឆ្នាំ២០២៤ ទៅកាន់គោលដៅចំនួន៥៦គោលដៅតាមរយៈក្រុមហ៊ុនចំនួន ៤៦ក្រុមហ៊ុន ដែលគិតជាទឹកប្រាក់បានចំនួន ១២៣,៦១លានដុល្លារ។

បើតាមការចុះផ្សាយរបស់សហព័ន្ធស្រូវអង្ករកម្ពុជានាថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ការនាំចេញអង្ករចំនួន ១៦៦ ៤៥១តោន នេះ ទៅកាន់បណ្តាប្រទេសមួយចំនួនមានដូចជា ប្រទេសក្នុងទ្វីបអឺរ៉ុបនាំចេញអង្ករបាន ៧៨ ៦៧៥តោន មានទឹកប្រាក់ ៦០,៤១លានដុល្លារ។ ចំណែកឯ ប្រទេសសមាជិកអាស៊ាននាំចេញអង្ករបាន ២៩ ៧១៩តោនគិតជាទឹកប្រាក់ ២២,០១លានដុល្លារ ខណៈដែលនាំចេញទៅប្រទេសចិននិងតំបន់រដ្ឋបាលស្វយ័តមានចំនួន ៤៣ ០៣៩តោន មានទំហំទឹកប្រាក់ ២៨,១០លានដុល្លារ។ រីឯ ការនាំចេញទៅកាន់ប្រទេសផ្សេងទៀត អាហ្វ្រិក មជ្ឈឹមបូព៌ាមានចំនួន ១៥ ០១៨តោន គិតជាទឹកប្រាក់ចំនួន ១២,៦៩លានដុល្លារ។

របាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងទៀតថាប្រភេទអង្ករដែលកម្ពុជានាំចេញមានដូចជា៖ អង្ករក្រអូបចំនួន ៨១,២៩%, ប្រភេទអង្ករសធម្មតា ១៤,៦៨%, អង្ករចំហ៊ុយ ២,១៨%,អង្ករសរីរាង្គចំនួន ១,៧១%និងអង្ករផ្សេងៗទៀតចំនួន ០,១៤%។ លើសពីនេះ កម្ពុជាបាននាំចេញស្រូវចំនួន ២ ២២០ ៧២៩ តោន គិតជាទឹកប្រាក់ ៦០០,០៨លានដុល្លារដែលក្នុងនោះ៧២%បាននាំចេញដោយឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញពីអាជ្ញាធរមានសមត្ថកិច្ច៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236