ត្រីមាសទី១ ឆ្នាំ២០២៤ CDC អនុម័តគម្រោងចំនួន១០៦ មានទុនវិនិយោគសរុប ២,២ពាន់លានដុល្លារ
Posted by -
Phoung Somphors
Published on -
23/4/2024 2:14 PM

ភ្នំពេញ៖ រយៈពេល ១ត្រីមាសនៃឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន១០៦គម្រោង ដែលមានទុនវិនិយោគប្រមាណ ២,២ពាន់លានដុល្លារនិងអាចបង្កើតការងារបានជាង ១០៧ពាន់កន្លែង។

របាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា គម្រោងវិនិយោគចំនួន៧៣គម្រោង គឺស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៣៣គម្រោង។ CDC បានបញ្ជាក់ថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៤នេះ ការអនុម័តគម្រោងវិនិយោគកើនឡើង ៦៧គម្រោង ខណៈដែលមានទុនវិនិយោគមានការកើនជិត ២ពាន់លានដុល្លារស្មើនឹង៦៤៩% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣។

របាយការណ៍របស់ CDC បានពន្យល់ពីមូលហេតុនៃកំណើន ដោយសារវត្តមាននៃគម្រោងថ្មីនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ, វិស័យឧស្សាហកម្ម, វិស័យទេសចរណ៍ និងគម្រោងពង្រីកផលិតកម្មនៃវិស័យឧស្សាហកម្មនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។ ក្នុងចំណោមគម្រោងវិនិយោគចំនួន១០៦នោះ មានគម្រោងវិនិយោគដែលលេចធ្លោជាងគេប្រចាំត្រីមាសទី១ រួមមាន៖ គម្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មសណ្ឋាគារផ្កាយ៥ ចំនួន២,៨៧០បន្ទប់ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគ៥៧៤លានដុល្លារ និងអាចបង្កើតការងារបាន ៣,៨៦០កន្លែង។

គម្រោងវិនិយោគសាងសង់វារីអគ្គិសនីស្ទឹងមេទឹកអានុភាព១៥០MW តាមរូបភាពBOT ដែលមានទីតាំងស្ថិតនៅស្ទឹងមេទឹក ស្រុកមណ្ឌលសីមា ខេត្តកោះកុង មានទុនវិនិយោគប្រមាណជាង ៤៤០លានដុល្លារនិងអាចបង្កើតការងារបានចំនួន ២២០កន្លែង។ គម្រោងវិនិយោគសាងសង់កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង ដែលមានទីតាំងនៅភូមិកែងតាសុខ ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង មានទុនវិនិយោគប្រមាណជាង១០៨លានដុល្លារ អាចបង្កើតការងារបានចំនួន ១១៥កន្លែង។

គម្រោងវិនិយោគបង្កើតនិងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ ដែលមានទីតាំងស្ថិតនៅភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណជាង១០៧លានដុល្លារ។ គម្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ ដែលមានទីតាំងស្ថិតនៅសង្កាត់ទួល សង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៣០លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៤៣កន្លែង។

គម្រោងវិនិយោគបង្កើតរោងចក្រផលិតអំពូលភ្លើង អំពូលលម្អ ដើមណូអែល គ្រឿងបង្គុំ ដើមណូអែល និងសម្ភារៈបរិក្ខារតុបតែងដើមណូអែលគ្រប់ប្រភេទ ដែលមានទីតាំងស្ថិតនៅភូមិព្រៃសាគុំ ឃុំព្រៃធំ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ២២លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១,០៣៦កន្លែង។ គម្រោងវិនិយោគបង្កើតរោងចក្រផលិតអំពូលភ្លើង អំពូលលម្អ និងគ្រឿងបង្គុំអំពូលភ្លើងគ្រប់ប្រភេទ ដែលមានទីតាំងស្ថិតនៅភូមិព្រៃសាគុំ ឃុំព្រៃធំ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ១៥លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៦៣៦កន្លែង។

គម្រោងវិនិយោគសាងសង់សួនកម្សាន្តបែបទំនើប ដែលមានទីតាំងស្ថិតនៅឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ក្នុងទុនវិនិយោគប្រមាណ ១៤លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៥,១៥០កន្លែង និងគម្រោងពង្រីកផលិតកម្មរបស់គម្រោងវិនិយោគផលិតសំបកកង់រថយន្ត ដែលមានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ ជាន ពុ ចាយ នៅខេត្តស្វាយរៀង ដែលមានទុនវិនិយោគបន្ថែមប្រមាណ ២១២លានដុល្លារ និងអាចបង្កើតការងារបន្ថែមបានចំនួន ៦៥៥កន្លែង៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236