កម្ពុជា-ចិន ចុះហត្ថលេខាលើគម្រោងផ្គត់ផ្គង់ទឹកស្អាត,ផែនការមេអភិវឌ្ឍកសិកម្ម និងការនាំចេញចំណីឆ្កែរបស់កម្ពុជា ទៅចិន
Posted by -
Phoung Somphors
Published on -
28/4/2024 11:49 PM

ភ្នំពេញ៖ កម្ពុជា និងចិន បានសម្រេចចុះហត្ថលេខាលើឯកសារចំនួន៣ទាក់ទងនឹងគម្រោងផ្គត់ផ្គង់ទឹកស្អាតនៅជនបទ ការអភិវឌ្ឍកសិកម្មនិងលក្ខខណ្ឌនៃការនាំចេញចំណីឆ្កែ ពីកម្ពុជាទៅចិន បន្ទាប់ពីបញ្ចប់កិច្ចប្រជុំលើកទី៧នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន រួច កាលពីថ្ងៃទី២២ ខែមេសាឆ្នាំ២០២៤។

បើតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ឯកសារទាំង៣ ដែលកម្ពុជា-ចិន បានចុះ MOU នេះ មានលិខិតប្តូរសារស្តីពីការផ្តល់ជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិនសម្រាប់គម្រោងផ្គត់ផ្គង់ទឹកស្អាតនៅជនបទ ដំណាក់កាលទី២, វិញ្ញាបនបត្រប្រគល់-ទទួលនៃគម្រោងផែនការមេអភិវឌ្ឍន៏កសិកម្មកម្ពុជា និងពិធីសារទាក់ទងនឹងការធ្វើចត្តាឡីស័កនិងលក្ខខណ្ឌអនាម័យនៃផលិតផលចំណីឆ្កែពាក់កណ្តាលសម្រេចដែលធ្វើពីស្បែកគោសម្រាប់នាំចេញពីកម្ពុជា ទៅប្រទេសចិន។

ការចុះ MOU នេះធ្វើឡើងក្រោមវត្តមានរបស់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសនៃប្រទេសចិនបន្ទាប់ពីភាគីទាំងពីរ បានពិភាក្សាលើការបង្កើនទំនាក់ទំនងទ្វេភាគីនិងកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងកម្ពុជា-ចិនព្រមទាំងកំណត់ទិសដៅកិច្ចការងារសំខាន់ៗមួយចំនួនផ្សេងទៀត។ ក្រៅពីនោះ ក៏មានពិធីប្រគល់និងទទួលសៀវភៅកំណត់ហេតុរបស់នគរចេនឡាអំពីទឹកដី ប្រពៃណី និងទំនៀមទម្លាប់ដែលនិពន្ធដោយលោក ជីវ តាក្វាន់ ប្រែសម្រួលជាភាសាខ្មែរនិងពិធីអបអរនៃការនាំចេញដូងស្រស់របស់ប្រទេសកម្ពុជាទៅកាន់ប្រទេសចិនផងដែរ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236