រដ្ឋ គ្រោងថវិកាជិត ១ពាន់លានដុល្លារ សម្រាប់ពង្រឹងវិស័យសុខាភិបាលព្យាបាលប្រជាពលរដ្ឋ
Posted by -
Phoung Somphors
Published on -
26/4/2024 12:46 AM

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងក្នុងពិធីសម្ពោធអគារមណ្ឌលផ្តល់សេវាផ្នែកវះកាត់នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ថា វិស័យសុខាភិបាលទាំងមូលរដ្ឋបានគ្រោងចំណាយថវិកាជាតិជិត ១ពាន់លានដុល្លារ សម្រាប់ពង្រឹងនិងព្យាបាលប្រជាពលរដ្ឋ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថាការពង្រឹងលើវិស័យសុខាភិបាលមិនថយទេ គឺនៅតែបន្តដើរទៅមុខជានិច្ច ប្រកបដោយប្រសិទ្ធភាពខ្ពស់និងទំនើបកម្មកាន់តែខ្លាំង ពោលគឺធ្វើយ៉ាងណាឱ្យវិស័យសុខាភិបាលប្រសើរឡើង សម្រាប់ជួយព្យាបាលមនុស្សឱ្យបានកាន់តែច្រើនជាងមុន។«ខ្ញុំបានចុះហត្ថលេខារួចហើយ ដោយគម្រោងចំណាយថវិកាជាង ១៧០លានដុល្លារសម្រាប់ពង្រឹងនៅពេទ្យមូលដ្ឋាន និងចំណាយថវិកា ១៤១លានដើម្បីពង្រឹងពេទ្យនៅក្នុងតំបន់ទូទាំងប្រទេសក្នុងរយៈពេល ៤ឆ្នាំ»។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់យ៉ាងដូច្នេះ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថា ការចំណាយថវិកាទាំងនេះគឺមិនទាន់បានបូកជាមួយ នឹងការចំណាយថវិកាសម្រាប់កម្មវិធីជំនួយសង្គមផ្សេងៗ ដូចជាការជួយប្រជាពលរដ្ឋក្រីក្រ ប័ណ្ណសមធម៌សុខាភិបាល ពាក់ព័ន្ធទៅនឹងជំងឺកូវីដ១៩និងបញ្ហាហានិភ័យ។ សម្តេចធិបតីបានគូសបញ្ជាក់ដូច្នេះថា មកដល់ពេលនេះ រាជរដ្ឋាភិបាលបានចំណាយថវិកាជាង ១៤០០លានដុល្លាររួចទៅហើយ ដើម្បីសុខភាព សុភមង្គលរបស់ប្រជាពលរដ្ឋនិងសុខភាពរបស់ជាតិ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236