បរិច្ចាគ២០០លានរៀលមុនគេ ខណៈសម្តេច ហ៊ុន សែននឹងដឹកនាំការប្រកួតរបស់ក្រុមបាល់ទាត់តារាកម្ពុជា ដើម្បីរៃអង្គាសថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា
Posted by -
Phoung Somphors
Published on -
28/4/2024 11:49 PM

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាគ្រូបង្វឹកកិត្តិយសរបស់ក្រុមបាល់ទាត់តារាកម្ពុជាបានជួបសំណេះសំណាលជាមួយគ្រូបង្វឹក និងកីឡាករទាំងអស់ដើម្បីរៀបចំផែនការសម្រាប់សកម្មភាពមនុស្សធម៌រយៈពេលខ្លី មធ្យម និងរយៈពេលវែងរបស់ក្រុមបាល់ទាត់មួយនេះ។

នេះបើតាមការបង្ហោះសារនៅលើបណ្តាញសង្គមរបស់សម្តេចតេជោនាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ កិច្ចការដែលត្រូវធ្វើបន្ទាប់ពីការរៀបចំផែនការខាងលើ គឺការរៀបចំការប្រកួតល្ងាចថ្ងៃទី០១ ខែឧសភាខាងមុខនៅពហុកីឡដ្ឋានអូឡាំពិក ក្រោមមូលបទ៖«រួមគ្នាដើម្បីសប្បុរសធម៌និងប្រយុទ្ធប្រឆាំងគ្រឿងញៀននិងដើម្បីប្រមូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា»។

មុនឹងដល់ថ្ងៃប្រកួតដែលបានកំណត់ សម្តេចតេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីបានប្រកាសបរិច្ចាគថវិកាចំនួន២០០លានរៀលរួចជាសម្រេចដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលកំពុងត្រូវការសម្រាប់ព្យាបាលដល់កុមារកម្ពុជានិងសម្តេចបានអំពាវនាវសប្បុរសជន និងសាធារណជនចូលរួមជួយថវិកាជួយយុទ្ធនាការរៃង្គាសនេះផងដែរតាមរយៈសម្តេចដោយទាក់ទងទៅលោក សៀង ទៀង ដែលមានលេខទូរសទ្ទ ០១២ ៩៦១៩៧១។

សម្តេចតេជោគ្រូបង្វឹកកិត្តិយសនៃក្រុមបាល់ទាត់តារាកម្ពុជានេះនឹងចូលរួមដឹកនាំការប្រកួតជាមួយគ្រូបង្វឹកផ្លូវការនៅស្តាតអូឡាំពិកនាល្ងាចថ្ងៃទី០១ខែឧសភា ឆ្នាំ២០២៤ ដោយចាប់ផ្តើមនូវទម្រង់លេងរបស់សម្តេច គឺ 3.4.3 ។សម្តេចក៏ស្នើឱ្យសាធារណជនចូលរួមទស្សនាឲ្យបានច្រើនកុះករ ដើម្បីជំរុញចលនាមនុស្សធម៌និងការប្រយុទ្ធប្រឆាំងគ្រឿងញៀន៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236