ធនាគារជាតិ និងវិទ្យាស្ថាន ERIA រួមគ្នាអភិវឌ្ឍន៍យុទ្ធសាស្ត្រ«ហិរញ្ញប្បទានឌីជីថលបៃតង»
Posted by -
Phoung Somphors
Published on -
28/4/2024 11:49 PM

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា និងវិទ្យាស្ថាន ERIA ចុះ MOU ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍយុទ្ធសាស្ត្រសម្រាប់ហិរញ្ញប្បទានឌីជីថលបៃតង ដើម្បីស្វែងរកឱកាសក្នុងដំណើរអភិវឌ្ឍន៍គោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) និងហិរញ្ញប្បទានឌីជីថលបៃតង នៅកម្ពុជា។

MOU អនុស្សារណៈយោគយល់នេះ ក៏មានគោលបំណងជួយកសាងសមត្ថភាពរបស់ភាគីពាក់ព័ន្ធ តាមរយៈការរៀបចំសិក្ខាសាលា ដើម្បីពិភាក្សាទាក់ទងនឹងបរិវត្តកម្មបៃតង និងនវានុវត្តន៍ឌីជីថលផងដែរ។ បន្ថែមពីនេះ MOU ក៏មានទិសដៅអនុញ្ញាតឱ្យមានការអនុវត្តគម្រោងស្រាវជ្រាវរួមគ្នា លើទិដ្ឋភាពហិរញ្ញប្បទានឌីជីថលបៃតង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់គម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាព ដូចមានចែងក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១។

ក្នុងសេចក្តីប្រកាសព័ត៌មាន ដែលចុះហត្ថលេខាដោយលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោកសាស្ត្រាចារ្យ Tetsuya Watanabe ប្រធានវិទ្យាស្ថាន ERIA កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ នេះ បានឱ្យដឹងផងដែរថា ធនាគារជាតិនៃកម្ពុជា បានចូលរួមក្នុងកិច្ចការពង្រឹងការចូលរួមផ្តល់ហិរញ្ញប្បទានបៃតង ក្នុងក្របខ័ណ្ឌអន្តរជាតិ តាមរយៈគំនិតផ្តួចផ្តើម និងកិច្ចពិភាក្សាជាមួយស្ថាប័នមួយចំនួនដូចជា ក្រុមការងារបរិយាបន្នហិរញ្ញវត្ថុបៃតង (IGFWG), បណ្តាញសម្រាប់ប្រព័ន្ធហិរញ្ញវត្ថុបៃតង (NGFS), ក្រុមការងារអាស៊ានលើកិច្ចការបណ្តាញធនាគារ និងហិរញ្ញវត្ថុប្រកបដោយចីរភាព (ASEAN Taskforce on Sustainable Finance), អង្គការ UNESCAP សម្ព័ន្ធសម្រាប់បរិយាបន្នហិរញ្ញវត្ថុ (AFI) និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC)៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236