សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់ថវិកាដល់គ្រួសារយោធិនពលីទាំង២០ចំនួន២ម៉ឺនដុល្លារ/គ្រួសារ និងយោធិនរងរបួស២០លានរៀល/ម្នាក់
Posted by -
Phoung Somphors
Published on -
30/4/2024 9:47 PM

ភ្នំពេញ៖ ឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគទី៣ក្នុងខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ដែលបានបង្កឱ្យយោធិនចំនួន២០ នាក់ បានពលីជីវិត និងយោធិនមួយចំនួនទៀតបានរបួស។

ក្រោយកើតហេតុភ្លាមៗសម្តេចធិបតីបានបង្ហោះសារក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយបង្ហាញក្តីរន្ធត់យ៉ាងក្តុកក្តួលនិងបានចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារយោធិនពលីនិងសម្តែងនូវសមានទុក្ខសោកស្តាយចំពោះអ្នករងរបួស ក្នុងឧបទ្ទវហេតុដ៏សោកសង្រេងនេះ។ សម្តេចធិបតីហ៊ុន ម៉ាណែត បានគូសបញ្ជាក់ដោយឧបត្ថម្ភថវិកាជូនគ្រួសារយោធិនពលី ចំនួន ២ម៉ឺនដុល្លារអាមេរិក ក្នុងមួយគ្រួសារសព ហើយចំពោះយោធិនដែលរងរបួសក្នុងឧបទ្ទវហេតុនេះក្នុងម្នាក់ៗចំនួន ២០ លានរៀល។

សម្រាប់ការរៀបចំពិធីបុណ្យសពជូនយោធិនដែលបានពលីក្នុងឧបទ្ទវហេតុនេះឱ្យបានសមរម្យស័ក្តិសមនឹងពលិកម្មរបស់ពួកគាត់ចំពោះជាតិ និងមាតុភូមិ សម្តេចធិបតីនាយរដ្ឋមន្ត្រីបានចាត់ឱ្យឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ដើម្បីចាត់ចែងជាបន្ទាន់។ រាជរដ្ឋាភិបាល នឹងទទួលរ៉ាប់រងទាំងស្រុងលើការចំណាយរៀបចំពិធីបុណ្យសពនេះ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236