ការធ្វើដំណើរលើផ្លូវល្បឿនលឿន ចាប់ផ្តើមតម្លៃពេញពីខែឧសភា តទៅ ខណៈការប្រើគន្លង ETC និង ANPR បន្តបញ្ជុះតម្លៃ ២០%
Posted by -
Phoung Somphors
Published on -
30/4/2024 9:47 PM

ភ្នំពេញ៖ ចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤តទៅ ការទូទាត់ជាសាច់ប្រាក់សុទ្ធ (MTC) នៅលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នឹងយកតម្លៃពេញវិញ ខណដែលអ្នកប្រើគន្លង ETC និង ANPR នៅបន្តបញ្ចុះតម្លៃ ២០% ដដែល រហូតដល់ថ្ងៃទី៣១ ខែតុលាខាងមុខ។

តាមសេចក្តីប្រកាសរបស់ក្រុមហ៊ុនគ្រប់គ្រងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នាថ្ងៃទី២៤ ខែមេសានេះ ពន្យល់ថា ដើម្បីអរគុណទៅដល់សង្គមជាតិ និងអតិថិជនដែលប្រើប្រាស់លើផ្លូវល្បឿនលឿន ដោយបានរួមចំណែកជួយដល់កំណើនសេដ្ឋកិច្ច និងជំរុញដល់វិស័យដឹកជញ្ជូននៅកម្ពុជា ឱ្យកាន់តែប្រសើរឡើង រាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនផ្លូវល្បឿនលឿន បានសម្រេចបន្តការបញ្ចុះតម្លៃ២០% សម្រាប់អតិថិជនដែលប្រើប្រាស់គន្លង ETC និង ANPR រហូតដល់ថ្ងៃទី៣១ ខែតុលា។

ប៉ុន្តែ ចំពោះ សាធារណជនដែលបំពាក់ឧបករណ៍ ETC នឹងមិនឥតគិតថ្លៃនោះទេ ដោយគ្រាន់តែបញ្ចូលទឹកប្រាក់ក្នុងគណនីចំនួន២០ដុល្លារ។ សាធារណជន ក៏អាចស្នើរសុំឧបករណ៍ ETC នៅតាមអគាររដ្ឋបាលនៅគ្រប់ច្រកចូលផ្លូវល្បឿនលឿន និងមជ្ឈមណ្ឌលផ្តល់សេវាកម្ម ETC បាន។ ការបំពាក់នូវឧបករណ៍ ETC នេះ នឹងទទួលបានការបញ្ចុះតម្លៃសម្រាប់ការបើកបរ ហើយបង្កើនប្រសិទ្ធិភាពចរាចរណ៍ និងកាត់បន្ថយការកកស្ទះផងដែរ។

ក្រុមហ៊ុនគ្រប់គ្រងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានរម្លឹកថា ក្រុមហ៊ុនបានដាក់ឱ្យប្រើប្រាស់ផ្លូវនេះ ដោយមិនគិតថ្លៃសេវាធ្វើដំណើរចំនួនមួយខែ ចំពោះរថយន្តគ្រប់ប្រភេទក្នុងរយៈពេលបើកសាកល្បង ដែលគិតចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។ ជាមួយគ្នានេះ ក្រុមហ៊ុន ក៏បានបន្តបញ្ចុះតម្លៃសេវាធ្វើដំណើរចំនួន ២០% ចំពោះរថយន្តគ្រប់ប្រភេទក្នុងរយៈពេល១ឆ្នាំ ដោយគិតចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ផងដែរ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236