ទំហំពាណិជ្ជកម្មរវាងកម្ពុជា-តួកគី សម្តេច ហ៊ុនសែន រំពឹងថានឹងអាចសម្រេចបាន ១ពាន់លានដុល្លារ
Posted by -
Phoung Somphors
Published on -
2/5/2024 11:21 PM

ភ្នំពេញ៖ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងតួកគី នៅតិចតួចនៅឡើយ ដែលពុំទាន់សក្តិសមទៅនឹងសក្តានុពលដែលប្រទេសទាំងពីរមាននោះទេ ប៉ុន្តែសម្តេចតេជោ បង្ហាញជំនឿជាក់ថា ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរនឹងអាចសម្រេចបានក្នុងទំហំ ១ពាន់លានដុល្លារ នាពេលខាងមុខ។

សម្តេចតេជោប្រធានព្រឹទ្ធសភាមានជំនឿជាក់ដោយក្តីរំពឹងខ្ពស់យ៉ាងដូច្នេះនៅក្នុងជំនួបពិភាក្សាការងារជាមួយនឹងឯកអគ្គរដ្ឋទូតតួកគីប្រចាំនៅកម្ពុជា នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤នេះ នៅវិមានព្រឹទ្ធសភាកម្ពុជា។ក្រៅពីទំហំពាណិជ្ជកម្មកើនដល់១ពាន់លាន សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងពីការហោះហើរត្រង់ពីតួកគី មកកម្ពុជាដែលនឹងអាចធ្វើឱ្យទេសចរណ៍ពីប្រទេសជិតខាងតួកគី យកប្រទេសតួកគី ជាកន្លែងចាប់ផ្ដើមធ្វើដំណើរមកកាន់ប្រទេសកម្ពុជាកម្ពុជាផងដែរ។

បន្ថែមពីនេះ សម្ដេចតេជោ ហ៊ុន សែនបានស្នើសុំឱ្យប្រធានសភាតួកគី មកចូលរួមវេទិកាអន្តរសភា ដើម្បីការអត់ឱន និងសន្តិភាពនិងមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិគណបក្សនយោបាយអាស៊ី (ICAPP)ដែលកម្ពុជា នឹងត្រូវធ្វើជាម្ចាស់ផ្ទះក្នុងអំឡុងខែវិច្ឆិកាឆ្នាំ២០២៤ខាងមុខ។

សូមជ្រាបផងដែរថាបើតាមស្ថិតិជញ្ជីងពាណិជ្ជកម្មជាមួយនឹងប្រទេសសំខាន់ៗក្នុងឆ្នាំ២០២៣ ដែលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មានទំហំសរុបជិត៤៦,៨ពាន់លានដុល្លារ ក្នុងនោះការនាំចេញមានទំហំជាង ២២,៦ពាន់លានដុល្លារ និងទំហំនាំចូលមានជាង ២៤,១ពាន់លានដុល្លារ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236