តុលាការ បានបង្កកគណនីធនាគារជិត១០០ និងដីជិត២ពាន់ក្បាលដី របស់ក្រុមហ៊ុន ជា សារ៉ន
Posted by -
Phoung Somphors
Published on -
4/5/2024 11:02 PM

ភ្នំពេញ៖ អ្នកនាំពាក្យសាលាដំបូងខេត្តកំពត នៅថ្ងៃទី២៥ មេសានេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី«វឌ្ឍនភាពចំណាត់ការសំណុំរឿងពាក់ព័ន្ធនឹងក្រុមហ៊ុន ជា សារ៉ន រៀលធី ឯ.ក» ដោយសាលាដំបូងខេត្តកំពត បង្កកគណនីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ៩៥ គណនី និងអចលនវត្ថុ (ដី) ចំនួន ១,៧៩១ក្បាលដី នៅក្នុងសំណុំរឿងរបស់ ជា សារ៉ន។

ក្នុងសេចក្តីប្រកាសព័ត៌មាននោះ ក៏បានសរសេរបញ្ជាក់ថា សាលាដំបូងខេត្តកំពត ក៏បានសម្រេចឃុំខ្លួនជនត្រូវចោទចំនួន ១០នាក់, ចេញដីកាបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទចំនួន ៩នាក់, ចេញដីកាបង្គាប់ឱ្យនាំខ្លួនជនត្រូវចោទចំនួន ៤០នាក់ និងជនត្រូវចោទចំនួន ១០នាក់ ដោយកំណត់ឱ្យចូលខ្លួន ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤។

ការចេញដីកាចាត់ឱ្យស៊ើបសួរជំនួស ដើម្បីស្រាវជ្រាវរកអត្តសញ្ញាណរបស់ជនពាក់ព័ន្ធផ្សេងទៀត និងទ្រព្យសម្បត្តិរបស់ជនត្រូវចោទ យកមកចាត់ការតាមនីតិវិធីច្បាប់។ សាលាដំបូងខេត្តកំពត កំពុងបន្តចាត់វិធានការសំណុំរឿងពាក់ព័ន្ធនឹងក្រុមហ៊ុន ជា សារ៉ន របស់លោក ជា សារិន ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ជាលទ្ធផលទទួលបានការតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណី ចំពោះមុខចៅក្រមស៊ើបសួរលើជនរងគ្រោះទាំង ៩ក្រុង-ស្រុក នៃខេត្តកំពត និងចម្លើយជនរងគ្រោះដែលនៅក្រៅខេត្តកំពតចំនួន ៥,៦៨០នាក់ រួមទាំងសាក្សីជាអាជ្ញាធរចំនួន ២៤៩នាក់។

គួរបញ្ជាក់ថា តុលាការនឹងបន្តចំណាត់ការលើអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីស្វែងរកការពិត និងដោះស្រាយជូនជនរងគ្រោះ ដើមបណ្តឹងរដ្ឋប្បវេណីទាំងអស់តាមនីតិវិធីច្បាប់៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236