រោងចក្រដំឡើងរថយន្តតូយ៉ូតា បោះទុនវិនិយោគជិត៣៧លានដុល្លា បើកដំណើរការផ្លូវការនៅរាជធានី ភ្នំពេញ
Posted by -
Phoung Somphors
Published on -
4/5/2024 12:36 AM

ភ្នំពេញ៖ រោងចក្រដំឡើងរថយន្តតូយ៉ូតា ដែលបានបោះទុនវិនិយោគប្រមាណ ៣៦,៨លានដុល្លា បើកឱ្យដំណើរការជាផ្លូវការ ដោយចាប់ផ្តើមដំឡើងនូវរថយន្តពីម៉ូឌែល។ ការបើកដំណើរការរោងចក្រ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ជាផ្លូវការនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤នេះ មានបុគ្គលិកបម្រើការ១៥០នាក់។

ក្នុងពិធីសម្ពោធរោងកក្រដំឡើងរថយន្តតូយ៉ូតានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែថាង ការសម្ពោធដាក់ឱ្យដំណើរការរោងចក្រដំឡើងរថយន្តតូយ៉ូតា គឺបានបង្ហាញនូវទំនុកចិត្ត និងសក្តានុពលនៃប្រទេសកម្ពុជា ដល់វិនិយោគិនផ្សេងៗទៀត ដែលកំពុងចាប់អារម្មណ៍លើឱកាសវិនិយោគនៅកម្ពុជា។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអបអរក្រុមហ៊ុន Toyota ដែលពង្រីកធុរកិច្ចរបស់ខ្លួន ជាមួយនឹងទំនុកចិត្ត និងការសម្រេចចិត្តក្នុងការបណ្តាក់ទុនបន្ថែមលើអាជីវកម្មរបស់ខ្លួន លើការនាំចូលរថយន្តម៉ាកតូយ៉ូតាគ្រប់ប្រភេទទាំងស្រុង យកមកដំឡើងរថយន្តទាំងពីរប្រភេទក្នុងស្រុក ជាមួយការវិនិយោគ និងដាក់ឱ្យដំណើរការរោងចក្រដំឡើងរថយន្តថ្មីសម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារ ប្រកបដោយសក្តានុពលខ្ពស់នៅកម្ពុជា។

សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានជំរុញឱ្យក្រុមហ៊ុន TOYOTA បន្តពិនិត្យលើសក្តានុពលថ្មីៗរបស់កម្ពុជាថែមទៀត ជាពិសេស លទ្ធភាពពង្រីកការប្រើប្រាស់ផលិតផល និងវត្ថុធាតុដើមដែលមានស្រាប់ក្នុងស្រុក រួមទាំងការផ្សារភ្ជាប់ខ្សែច្រវាក់តម្លៃក្នុងស្រុក ទៅនឹងខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន និងបណ្តារោងចក្រដៃគូនៅក្នុងតំបន់។ ក្នុងឆ្នាំ២០២៤នេះ ក្រុមហ៊ុន TOYOTA មានសមត្ថភាពដំឡើងរថយន្តពីរប្រភេទ បានចំនួន ១៣២០ គ្រឿង ដែលទី១ ជាប្រភេទ SUV ម៉ាក Toyota Fortuner ដំឡើងបានចំនួន ២៩០គ្រឿង និងប្រភេទទី២ ជាប្រភេទមួយបាំងកន្លះ Pick-up truck ម៉ាក Toyota Hilux ដំឡើងបាន ១ ០៣០ គ្រឿង៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236