ធនាគារជាតិនៃកម្ពុជា និងធនាគារជាតិនៃហ៊្សកហ្ស៊ី ចុះ MOU ផ្លាស់ប្តូរចំណេះនិងបទពិសោធការងារបច្ចេកទេសជាមួយគ្នា
Posted by -
Phoung Somphors
Published on -
4/5/2024 11:02 PM

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា និងធនាគារជាតិនៃហ៊្សកហ្ស៊ី បានចុះអនុស្សរណៈយោគយល់ (MOU) ដើម្បីបង្កើតជាក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការចែករំលែកចំណេះដឹង និងបទពិសោធការងារបច្ចេកទេសរបស់ធនាគារកណ្តាលនៃប្រទេសទាំងពីរ។

បើតាមការចុះរបស់ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ក្រៅពីការចុះ MOU ដែលធ្វើឡើងដោយលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិ នៃកម្ពុជា និងលោកជំទាវ Natela Turnava ទេសាភិបាលស្តីទីធនាគារជាតិនៃហ៊្សកហ្ស៊ី ភាគីទាំងពីរ ក៏បានពិភាក្សាលើស្ថានភាពសេដ្ឋកិច្ច ដំណើរការអភិវឌ្ឍន៍ក្នុងវិស័យធនាគារ នយោបាយរូបិយវត្ថុនិងស្ថិរភាពហិរញ្ញវត្ថុ ចីរភាពហិរញ្ញវត្ថុ និងបានកំណត់ទិសដៅកិច្ចសហប្រតិបត្តិការទ្វេភាគីទៀតផង។

ទេសាភិបាលស្តីទីធនាគារជាតិនៃហ៊្សកហ្ស៊ី លោកជំទាវ Natela Turnava ក៏បានស្នើធនាគារជាតិនៃកម្ពុជា ចែករំលែកបទពិសោធលើការអភិវឌ្ឍប្រព័ន្ធទូទាត់ តាមរយៈការបង្កើតប្រព័ន្ធស្តង់ដាឃ្យូអរកូត (QR Code) និងការទូទាត់ឆ្លងដែនជាដើម។ នេះបើតាមការចុះផ្សាយដដែល ដោយបានឱ្យដឹងបន្ថែមទៀតថា ភាគីហ៊្សកហ្ស៊ី បានលើកឡើងអំពីលទ្ធផលជោគជ័យ ក្នុងការកាត់បន្ថយដុល្លាររូបនីយកម្ម រយៈពេលជាង ១០ឆ្នាំចុងក្រោយ ដែលលទ្ធផលនេះ នឹងជួយដល់ធនាគារជាតិនៃកម្ពុជា ក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលឱ្យកាន់តែទូលំទូលាយបន្ថែមទៀត៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236