៤ខែ កម្ពុជា បានចំណូលបានជិត២០លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាតំនប់អង្គរ
Posted by -
Phoung Somphors
Published on -
6/5/2024 10:34 PM

ភ្នំពេញ៖ ក្នុងរយៈពេល ៤ខែនៃឆ្នាំ២០២៤ កម្ពុជា រកចំណូលបានជិត២០លានដុល្លារ ពីការលក់សំបុត្រទៅភ្ញៀវបរទេសចូលទស្សនារមណីយដ្ឋានអង្គរ ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្នៀស។ ចំនួន ភ្ញៀវទេសចរចូលទស្សនាសរុប ៤២១ ៣៧៩ នាក់ ដែលលក់សំបុត្របាននេះ មានការកើនឡើង ៤០,៩៣% ក្នុងពេលដូចគ្នាឆ្នាំ២០២៣។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ នាថ្ងៃទី១ ឧសភា ចំណូលពីការលក់សំបុត្រឱ្យភ្ញៀវបរទេសចូលទស្សនារមណីយដ្ឋានអង្គរ ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្នៀសចំនួន ១៩ ៩១៧ ៥៣៣ ដុល្លារ មានការកើនឡើង ៤១,៩៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ចំពោះ ចំណូលពីការលក់បណ្ណនៅប្រាសាទកោះកែរ ក្នុងរយៈពេល ៤ខែ មាន ១៣៧ ៥០៥ ដុល្លារ ដែលមានភ្ញៀវអន្តរជាតិចំនួន ៩ ១៦៧នាក់។

ចំពោះ ចំណូលបានពីការលក់សំបុត្រទូក ក្នុងរយៈពេល៤ខែដូចគ្នា មានចំនួន ៣៦១ ៥៥៦ដុល្លារ ក្នុងនោះ មានទូកតូចចំនួន ៧ ៩៥០, ទូកកណ្តាលមានចំនួន ៣ ៧១៣ និងទូកធំចំនួន ៥៤៥ និងចំណូលឧបត្ថម្ភមូលនិធិគន្ធបុប្ផាកម្ពុជា មានចំនួន ៨៤២ ៤៥៨ដុល្លារ។

សេចក្តីប្រកាសព័ត៌មានដដែល ឱ្យដឹងទៀតថា សម្រាប់តែក្នុងខែមេសា ឆ្នាំ២០២៤ កម្ពុជា រកចំណូលពីការលក់ជូនភ្ញៀវបរទេសចូលទស្សនារមណីយដ្ឋានអង្គរ ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្នៀសបានចំនួន ៣ ៣៨៤ ២៤០ដុល្លារ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236