ក្រសួងពាណិជ្ជកម្ម ឱ្យម្ចាស់អាជីវកម្មក្នុងវិស័យព័ត៌មានចុះបញ្ជីពាណិជ្ជកម្ម ដើម្បីទទួលបានការអនុគ្រោះកម្រៃសេវាផ្សេង
Posted by -
Phoung Somphors
Published on -
6/5/2024 10:34 PM

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម ជំរុញដល់ម្ចាស់អាជីវកម្មចុះបញ្ជីពាណិជ្ជកម្មដោយស្ម័គ្រចិត្តក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ដើម្បីទទួលបានការលើកលែងកាតព្វកិច្ចបង់កម្រៃសេវាសាធារណៈចុះបញ្ជីពាណិជ្ជកម្មរយៈពេល៣ឆ្នាំនិងការលើកលែងការផាកពិន័យនានា សម្រាប់អាជីវកម្មដែលបានដំណើរការនិងមិនបានចុះបញ្ជីត្រឹមត្រូវ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មនៅពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ ម្ចាស់អាជីវកម្មអាចដាក់ពាក្យស្នើសុំចុះបញ្ជីតាមរយៈប្រព័ន្ធស្វ័យប្រវិត្តកម្ម ក្នុងគេហទំព័រ www.registrationservices.gov.khឬ ទំនាក់ទំនងផ្ទាល់ទៅកាន់លេខ ១២៦៦។

ការលើកលែងកាតព្វកិច្ចបង់កម្រៃសេវាសាធារណៈនិងការលើកលែងការផាកពិន័យនេះ ធ្វើឡើងស្របតាមអនុសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនាកម្មវិធីសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាន លើកទី៦កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ ដែលចំថ្ងៃនៃការប្រារព្ធ «ទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ ឧសភា» លើកទី៣១ក្រោមប្រធានបទ «សារព័ត៌មានសម្រាប់ផែនដី :សារព័ត៌មានក្នុងស្ថានភាពនៃវិបត្តិបរិស្ថាន»។

ក្នុងពិធីនោះ សម្តេចធិបតី ហ៊ុន ម៉ាណែតបានមានប្រសាសន៍ថា «សារព័ត៌មាន» ជាអំណាចទី៤ ដែល អំណាចនេះបើប្រើប្រាស់ត្រូវគឺមានសារសំខាន់សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ ថែរក្សា សន្តិភាព ស្ថិរភាពនិងផ្តល់ថាមពលឱ្យប្រជាជន ក្នុងការសម្រេចចិត្ត ក៏ដូចជារាជរដ្ឋាភិបាលក្នុងការដាក់ចេញនូវ វិធានការចាំបាច់កាន់តែមានប្រសិទ្ធភាព។ តាមស្ថិតិក្រសួងព័ត៌មានកម្ពុជាមាន អ្នកសារព័ត៌មានប្រមាណ ១ម៉ឺនាក់ និងស្ថាប័នសារព័ត៌មាន ២ពាន់ អង្គភាព៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236