កំពង់ផែស្វ័យព្រះសីហនុ កំពុងអភិវឌ្ឍន៍ចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី១ ក្រោមកម្ចីពីជប៉ុន ២៤៣លានដុល្លារ
Posted by -
Phoung Somphors
Published on -
6/5/2024 10:34 PM

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កំពង់ផែស្វ័យព្រះសីហនុ បានដើរតួនាទីជាចលករសំខាន់ក្នុងការជួយដល់ការរីកចម្រើនលើវិស័យជាច្រើន ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ទន្ទឹមនឹងនេះ គម្រោងសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី១ បាននិងកំពុងអភិវឌ្ឍន៍ក្រោមកម្ចីឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុន ២៤៣លានដុល្លារ។

ក្នុងពិធី«សំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាស អបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ០១ ឧសភា ឆ្នាំ២០២៤» សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា រាជរដ្ឋាភិបាល មានចក្ខុវិស័យវែងឆ្ងាយក្នុងការប្រែក្លាយកំពង់ផែស្វយ័តព្រះសីហនុ ជាកំពង់ផែកុងតឺន័រទឹកជ្រៅស្នូលរបស់កម្ពុជា និងជាកំពង់ផែតំបន់ (Regional Port) និងមជ្ឈមណ្ឌលឡូជីស្ទិក (Logistic Hub) ដូចទៅនឹងបណ្តាប្រទេសក្នុងតំបន់។

ដើម្បីសម្រេចបាននូវចក្ខុវិស័យខាងលើ សម្តេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បានជំរុញការរៀបចំផែនការមេសម្រាប់អនាគតកំពង់ផែស្វយ័តក្រុងព្រះសីហនុពីឆ្នាំ២០៣០ ដល់ឆ្នាំ២០៥០ ដោយមានការតភ្ជាប់បណ្តាញដឹកជញ្ជូនផ្ទៃក្នុងប្រទេសទាំងផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាស មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីផ្តល់ជូនជម្រើសយ៉ាងប្រសើរសម្រាប់ការបង្កើនប្រសិទ្ធភាពតភ្ជាប់កម្ពុជាទៅកាន់ពិភពលោក។

ក្នុងពិធីនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណជប៉ុន ដែលបានជួយសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី១ ដែលបានប្រកាសបើកការដ្ឋានកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ ដោយរដ្ឋាភិបាលជប៉ុន បានផ្ដល់ឥណទានសម្បទានសម្រាប់ការសាងសង់ប្រមាណ ២៤៣លានដុល្លារអាម៉េរិក។

ថ្លែងក្នុងពិធីដែល ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងដែរថា សាវតាររបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ រួមជាមួយនឹងដំណើរការប្រតិបត្តិការ និងគម្រោងអភិវឌ្ឍន៍សមត្ថភាពបន្ថែមរបស់កំពង់ផែ រួមមាន៖ ការសាងសង់ផែកុងតឺន័រ ជម្រៅទឹក១១,៥ម៉ែត្រ, ការសាងសង់ចំណតផែពហុបំណង ជម្រៅទឹក១៣,៥ម៉ែត្រ, ការសាងសង់ចំណតមូលដ្ឋានផ្គត់ផ្គង់ភស្តុភារសម្រាប់ការរុករកប្រេង, ការបំពាក់ឧបករណ៍និងមធ្យោបាយលើកដាក់កុងតឺន័រ, ការសាងសង់ទីលានស្តុកកុងតឺន័រ ឃ្លាំងទំនិញ, ចំណតរថយន្តដឹកកុងតឺន័រ, ចំណតផែច្រាំងទំនិញទូទៅ និងការសាងសង់តំបន់សេដ្ឋកិច្ចពិសេស។ គម្រោងមួយបន្ថែមទៀត គឺការសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១ ដែលបានប្រារព្ធពិធីបើកការដ្ឋានកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236