CDC អនុម័តឱ្យគម្រោងវិនិយោគចំនួន២២ មានដើមទុនជាង៣០០លានដុល្លារ ក្នុងខែមេសា ឆ្នាំ២០២៤ 
Posted by -
Phoung Somphors
Published on -
11/5/2024 12:46 AM

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគចំនួន២២ ដែលមានទុនវិនិយោគសរុបប្រមាណជាង៣០៩លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ២៣ពាន់កន្លែង ក្នុងខែមេសា ឆ្នាំ២០២៤។

បើតាមការចុះផ្សាយរបស់ CDC នាថ្ងៃទី០៧ ឧសភានេះ គម្រោងវិនិយោគចំនួន២២នោះ មានគម្រោងថ្មីចំនួន ២១គម្រោងនិងគម្រោងពង្រីកផលិតកម្មចំនួន ១គម្រោង។ គម្រោងទាំងនោះ ស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន១៤គម្រោង និងមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន៨គម្រោង។

គម្រោងវិនិយោគដែលមានភាពលេចធ្លោក្រៅតំបន់សេដ្ឋកិច្ចពិសេស គឺគម្រោងវិនិយោគផលិតស្រោមជើង, ស្រោមដៃ, កន្សែងបង់ក, មួក,និងស្បែកជើងពាក់ក្នុងផ្ទះ ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ១ភូមិសាមគ្គី សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដែលមានទុនវិនិយោគប្រមាណ៩លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ២ពាន់កន្លែង។

CDC ក៏បានរំលេចនៅក្នុងរបាយការណ៍របស់ខ្លួនចំពោះគម្រោងវិនិយោគដែលមានភាពលេចធ្លោ ក្នុងតំបន់សេដ្ឋកិច្ចពិសេសផងដែរ ដោយមានគម្រោងពង្រីកផលិតកម្មផលិតសំបកកង់យានយន្តនិងម៉ាស៊ីនភ្លើងទូប៊ីនចំហាយទឹក ដែលមានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជានពុ ចាយ ក្នុងទុនវិនិយោគបន្ថែមប្រមាណ ១០៥លានដុល្លារ អាចបង្កើតការងារបន្ថែមបានចំនួន៥៤២កន្លែង។ គម្រោងវិនិយោគផលិតបន្ទះហ្វ្រាំងគ្រប់ប្រភេទ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន មានទុនវិនិយោគប្រមាណ ៣៥លានដុល្លារ និងអាចបង្កើតការងារបានចំនួន២៥៣កន្លែង។

គម្រោងវិនិយោគកែច្នៃអាលុយមីញ៉ូមដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុមានទំហំវិនិយោគប្រមាណជាង ៦០លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២៣៧កន្លែង។ក្នុងខែមេសា ឆ្នាំ២០២៤នេះ ការវិនិយោគមកពីប្រទេសចិន គឺស្ថិតនៅលំដាប់លេខរៀងទី១ដែលមានទុនវិនិយោគប្រមាណជា ៩៨%នៃទុនវិនិយោគសរុប៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236