MSMEs ចូលរួមដាក់ពាក្យចូលរៀនដោយឥតគិតថ្លៃក្នុងគម្រោង«ពន្លឿនការប្រើប្រាស់ឌីជីថល»
Posted by -
Phoung Somphors
Published on -
13/5/2024 10:10 PM

ភ្នំពេញ៖ សមាគមសហគ្រិនវ័យក្មេងកម្ពុជាបានប្រកាសបើកវគ្គបណ្តុះបណ្តាលអំពី«គម្រោងពន្លឿនការប្រើប្រាស់ឌីជីថលដល់សហគ្រាសធុនមីក្រូតូច និងមធ្យម (MSMEs) សម្រាប់សេដ្ឋកិច្ចឌីជីថល» ដែលមានចំនួន៦វគ្គ ដើម្បីបង្កើនសមត្ថភាព និងចំណះដឹងដល់ MSMEs លើការចាប់យកបច្ចេកវិទ្យាឌីជីថលនិងពង្រឹងការប្រកួតប្រជែងប្រកបដោយប្រសិទ្ធភាព។

ក្នុងសេចក្តីប្រកាសរបស់សមាគម MSMEsដែលត្រូវបានជ្រើសរើសនឹងទទួលបានការចូលរួមក្នុងវគ្គបណ្តុះបណ្តាលសរុបចំនួន៦វគ្គ។ វគ្គទាំងនោះរួមមាន៖ទិដ្ឋភាពទូទៅពីសហគ្រិនភាព និងផែនការអាជីវកម្ម, ការប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងអាជីវកម្ម(AI), ការធ្វើទីផ្សារលើប្រព័ន្ធឌីជីថលនិងបណ្តាញទំនាក់ទំនងសង្គម, ការគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់សហគ្រាស,ការគ្រប់គ្រងបុគ្គលិក និងអាជីវកម្មតាមប្រព័ន្ធឌីជីថលនិងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។

លើសពីនេះ ម្ចាស់សហគ្រាសដែលចូលរួមនឹងមានការបង្វឹកពីគ្រូជំនាញផ្នែកឌីជីថល, ការគាំទ្រជាបដិភាគហិរញ្ញវត្ថុពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ដល់សហគ្រាស ដែលមានបំណងដាក់បញ្ចូលបច្ចេកវិទ្យាឌីជីថលក្នុងអាជីវកម្មនិងឱកាសចូលរួមជជែកដោយផ្ទាល់ក្នុងវេទិកាស្តីពីការប្រើប្រាស់ឌីជីថលសម្រាប់អាជីវកម្ម។

លក្ខខ័ណ្ឌនៃការចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះត្រូវតែមានអាជីវកម្មធុនមីក្រូ តូចនិងមធ្យមនៅក្នុងគ្រប់វិស័យពីគ្រប់បណ្តាខេត្តក្រុង, មានអាជីវកម្មដែលចុះបញ្ជីនិងពុំទាន់ចុះបញ្ជី, មានទស្សនវិស័យនិងការប្តេជ្ញាចិត្តខ្ពស់ក្នុងការប្រើប្រាស់បច្ចេកវិទ្យា, មានការប្តេជ្ញាចិត្តចូលរួមឱ្យបានទៀងទាត់ក្នុងវគ្គបណ្តុះបណ្តាលដែលបានផ្តល់ជូននិងអាជីវកម្មដែលដឹកនាំដោយស្ត្រីត្រូវបានលើទឹកចិត្ត។

បេក្ខជនដែលត្រូវបានជ្រើសរើសចូលរួមក្នុងវគ្គបណ្តុះបណ្តាលក្រុមការងារ នឹងជូនដំណឹងតាមរយៈអ៊ីម៉ែល ទូរស័ព្ទ ឬតេឡេក្រាមដែលបេក្ខជនបានផ្ដល់ជូនក្នុងទម្រង់ដាក់ពាក្យចូលរួម និងអាចដាក់ពាក្យតាមរយៈ QRCode ឱ្យបានមុនថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236