ក្រុមហ៊ុន Hainan Litree គ្រោងវិនិយោគលើវិស័យទឹកស្អាតនៅកម្ពុជារហូតដល់ទៅ ១០០លានដុល្លារ
Posted by -
Phoung Somphors
Published on -
14/5/2024 12:04 AM

ភ្នំពេញ៖ ក្រុមហ៊ុន HainanLitree គ្រោងវិនិយោគទឹកប្រាក់ប្រមាណ ៥០ ទៅ ១០០ លានដុល្លារក្នុងវិស័យទឹកស្អាតនៅកម្ពុជា នាពេល ៣-៥ឆ្នាំខាងមុខទៀត។ នេះបើតាមការឱ្យដឹងពីលោកបណ្ឌិតCai Yunlong តំណាងក្រុមហ៊ុន Hainan Litree PurifyingTechnology Co., Ltd. ដែលម៉ាកយីហោឧបករណ៍ចម្រោះទឹក Litree របស់ក្រុមហ៊ុន ត្រូវបានទទួលស្គាល់គុណភាព និងបច្ចេកវិទ្យាចម្រោះទឹកសម្រប់ប្រើប្រាស់ក្នុងគ្រួសារដែលផ្តល់អត្ថប្រយោជន៍ដល់មនុស្សជាង ៣លានគ្រួសារនៅទូទាំងពិភពលោក។

ក្នុងជំនួបពិភាក្សាការងារជាមួយនឹងក្រុមហ៊ុន HainanLitree Purifying Technology Co., Ltd. កាលពីថ្ងៃទី១០ ខែឧសភាឆ្នាំ២០២៤ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍បានស្វាគមន៍ចំពោះការពង្រីកការវិនិយោគក្នុងវិស័យទឹកស្អាតនៅកម្ពុជាពិសេសនៅក្នុងតំបន់ដែលមិនទាន់មានសេវាគ្របដណ្តប់។ ឯកឧត្តម ហែម វណ្ណឌីក៏បានជំរុញឱ្យក្រុមហ៊ុនសិក្សាលទ្ធភាពនៃគម្រោងវិនិយោគនិងស្វែងរកឱកាសបន្ថែមក្នុងការលក់ទឹកដុំសម្រាប់ប្រតិបត្តិករទឹកឯកជនដោយប្រើប្រាស់បច្ចេកវិទ្យា និងបទពិសោធជោគជ័យរបស់ក្រុមហ៊ុនកន្លងមក។

បច្ចុប្បន្ន កម្ពុជាកំពុងប្រើប្រាស់ផលិតផលដែលប្រើបច្ចេកវិទ្យា UF membrane របស់ក្រុមហ៊ុនHainan Litree នៅក្នុងខេត្ត-ក្រុងជាច្រើន។ បច្ចេកវិទ្យានេះបានរួមចំណែកដល់ការពង្រឹងស្តង់ដាទឹកស្អាតក្នុងបរិមាណ ១១,០០០ម៉ែត្រគូប/ថ្ងៃ។ក្នុងជំនួបដដែល លោកបណ្ឌិត Cai Yunlong បានប្តេជ្ញាចិត្តដោះស្រាយបញ្ហាផ្គត់ផ្គង់ទឹកស្អាតនិងថែរក្សាធនធានទឹក តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា membraine ប្រកបដោយនវានុវត្តន៍ ដំណោះស្រាយធុងចម្រោះទឹក និងសេវាសុវត្ថិភាពទឹកសាធារណៈស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការគ្រប់គ្រងបរិស្ថានរបស់កម្ពុជា៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236