យុវតី ទ្រី វួចឆេង តំណាងឱ្យកម្ពុជាចូលរួមប្រកួតសរសេរសំបុត្រកម្រិតថ្នាក់អន្តរជាតិ ជាមួយបណ្តាប្រទេស១៩២ នៅលើពិភពលោក
Posted by -
Phoung Somphors
Published on -
16/5/2024 11:51 PM

ភ្នំពេញ៖ ម្ចាស់ជ័យលាភីលេខ១ក្នុងការប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី៣ ឆ្នាំ២០២៤ គឺយុវតី ទ្រី វួចឆេង ត្រូវបានគណៈកម្មការកម្មវិធីប្រកួតជ្រើសរើសតំណាងឱ្យកម្ពុជា ចូលរួមប្រកួតប្រជែងកម្រិតថ្នាក់អន្តរជាតិ ក្នុងចំណោមបេក្ខជនចូលរួមពីបណ្ដាប្រទេសចំនួន១៩២នៅលើពិភពលោក។

បើតាមការចុះផ្សាយរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កាលពីថ្ងៃទី១០ ឧសភា ការប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី៣ ឆ្នាំ២០២៤ត្រូវបានក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រៀបចំឡើងដើម្បីលើកកម្ពស់សមត្ថភាពគំនិតច្នៃប្រឌិតរបស់សិស្សានុសិស្សលើការស្រាវជ្រាវទេពកោសល្យក្នុងការសរសេរ ការវិភាគលើបញ្ហា ការដោះស្រាយបញ្ហានិងស្វែងរកដំណោះស្រាយព្រមទាំងស្វែងយល់ពីការប្រើប្រាស់សេវាបញ្ញើប្រៃសណីយ៍។

ក្នុងកម្មវិធីដែលក្រសួងប្រៃសណីយ៍ រៀបចំនោះ យុវតីទ្រី វួចឆេង ដែលជាសិស្សមកពីសាលាអន្តរជាតិ CIA First បានជាប់ជ័យលាភីលេខ១។ក្រោយជាប់ពានលេខ១ ក្នុងកម្មវិធីប្រកួតសរសេរសំបុត្រថ្នាក់ជាតិនេះ នឹងត្រូវតំណាងឱ្យកម្ពុជាទៅចូលរួមប្រកួតកម្រិតអន្តរជាតិ ដែលរៀបចំដោយសហភាពប្រៃសណីយ៍សកល (UniversalPostal Union)។ លទ្ធផលនៃការប្រកួតនេះ ក្រសួងប្រៃសណីយ៍ឱ្យដឹងថា នឹងត្រូវប្រកាសនៅខែតុលាឆ្នាំ២០២៤ខាងមុខ។

ចំពោះ ជ័យលាភីលេខ១បានទៅលើយុវតី ទ្រី វួចឆេង មកពីសាលាអន្តរជាតិ CIA First ទទួលបានមេដាយចំនួន១ សៀវភៅតែមប្រិ៍ចំនួន១ វិញ្ញាបនបត្រចំនួន១ កាបូប១ ថវិកាចំនួន ៣លានរៀល, ជ័យលាភីលេខ២គឺយុវតី ប្រាក់ឆន សិទ្ធិការ្យ មកពីសាលា KCE ទទួលបានមេដាយចំនួន១ សៀវភៅតែមប្រិ៍ចំនួន១ វិញ្ញាបនបត្រចំនួន១ កាបូប១ ថវិកាចំនួន ២លានរៀលនិងជ័យលាភីលេខ៣ បានទៅលើយុវជន អៀម វីនឈីវ មកពីសាលាអន្តរជាតិ CIA First ទទួលបាន មេដាយចំនួន១ សៀវភៅតែមប្រិ៍ចំនួន១ វិញ្ញាបនបត្រចំនួន១ កាបូប១ និងថវិកាចំនួន១លានរៀល ខណៈដែលជ័យលាភីលេខ៤ ដល់ លេខ១០ ទទួលបានវិញ្ញាបនបត្រ១ កាបូប១ និងថវិកាចំនួន ៤០ម៉ឺនរៀលក្នុងម្នាក់ៗ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236