កម្ពុជា-អាម៉េរិក រួមគ្នាជំរុញកិច្ចសហការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ
Posted by -
Phoung Somphors
Published on -
16/5/2024 11:51 PM

ភ្នំពេញ៖ កម្ពុជា ​និងអាម៉េរិក បានឯកភាពគ្នាលើកកម្ពស់កិច្ចសហប្រតិបត្តិការលើការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញតាមរយៈកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរព័ត៌មានឱ្យបានជាក់លាក់ និងច្បាស់លាស់ដើម្បីទប់ស្កាត់ បង្ក្រាប និងកាត់ទោសខ្សែរយៈបណ្តាញដែលនៅពីក្រោយបទល្មើសទាំងអស់នេះ។ការរួមគ្នាលើកកម្ពស់កិច្ចសហប្រតិបត្តិការនេះធ្វើឡើងដោយឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេតអគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ផាទ្រីក មើហ្វីឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំកម្ពុជា។

បើតាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ក្នុងជំនួបនេះ កម្ពុជា ​និងអាម៉េរិកក៏បានឯកភាពគ្នាពាក់ព័ន្ធលើការបង្កើតកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើសដោយផ្តោតទៅលើការបណ្តុះបណ្តាលពង្រឹងសមត្ថភាពលើជំនាញដែលពាក់ព័ន្ធដល់មន្ត្រីនគរបាលជាតិកម្ពុជា។អាម៉េរិក នឹងបន្តគាំទ្របណ្តុះបណ្តាលដល់មន្ត្រីនគរបាលជាតិកម្ពុជាទាំងវគ្គបណ្តុះបណ្តាលក្នុងប្រទេស និងក្រៅប្រទេសដែលផ្តួចផ្តើមឡើងដោយរដ្ឋាភិបាលសហរដ្ឋអាម៉េរិក។

ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំកម្ពុជា បានសរសើរដល់នគរបាលជាតិកម្ពុជាដែលបានផ្តល់កិច្ចសហការជាមួយកងកម្លាំងអនុវត្តច្បាប់របស់អាម៉េរិកក្នុងការប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទ ដែលមានក្រុមការងារ TaskForce ជាយន្តការដឹកនាំ និងសម្រេចបានលទ្ធផលជាច្រើនគួរឱ្យកត់សំគាល់។ឯកឧត្តម ផាទ្រីក មើហ្វី បានអរគុណដល់នគរបាលជាតិកម្ពុជាដែលបានផ្តល់កិច្ចការពារសន្តិសុខ និងសុវត្ថិភាពដល់បុគ្គលិកស្ថានទូតក៏ដូចជានិវេសនដ្ឋានទូតព្រមទាំងពលរដ្ឋអាម៉េរិក ដែលមានវត្តមានក្នុងប្រទេសកម្ពុជា៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236