អង្គការអុកស្វាម និងប.ប.ស. បើកឱ្យប្រកួត«ពានរង្វាន់អ្នកសារព័ត៌មានឆ្នើមស្តីពី ប.ស.ស.»
Posted by -
Phoung Somphors
Published on -
16/5/2024 11:51 PM

ភ្នំពេញ៖ អង្គការអុកស្វាម និងបេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកទទួលស្នាដៃប្រកួតប្រជែងពានរង្វាន់អ្នកសារព័ត៌មានឆ្នើមស្តីពីប.ស.ស. ចាប់ពីថ្ងៃទី២១ ខែមីនា ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ក្រោមមូលបទរបបសន្តិសុខសង្គមសម្រាប់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងវាយនភណ្ឌ។

ដើម្បីចូលរួមប្រកួតប្រជែងយកពានរង្វាន់ «អ្នកសារព័ត៌មានឆ្នើមស្តីពី ប.ស.ស.» បេក្ខភាពត្រូវជាអ្នកសារព័ត៌មានដែលមានសញ្ជាតិខ្មែរនិងមានស្ថាប័នពិតប្រាកដ ឬធ្វើការងារដោយឯករាជ្យ ទាំងផ្នែកបោះពុម្ពផ្សាយតាមវិទ្យុទូរទស្សន៍ សារព័ត៌មានអនឡាញ និងអ្នកសារព័ត៌មានតាមបណ្តាញសង្គមប្លុកជាដើម។ នេះបើតាមលិខិតប្រកាសកម្មវិធីដែលបានចុះផ្សាយ។​

មាតិកាដែលយកមកប្រកួតប្រជែងបានគឺជាមាតិកាដែលបានបោះពុម្ពផ្សាយ ឬផ្សាយក្នុងប្រព័ន្ធអនឡាញរបស់ស្ថាប័នសារព័ត៌មានចន្លោះពីថ្ងៃទី២១ ខែមីនា រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤។ បេក្ខជន-បេក្ខនារីនីមួយៗ មិនអាចដាក់ស្នាដៃផ្សព្វផ្សាយលើសពីមួយមកប្រកួតប្រជែងបានឡើយ រួមទាំងមាតិកាផ្សព្វផ្សាយចាំបាច់ត្រូវតែជាភាសាខ្មែរ។

ក្នុងលិខិតប្រកាសកម្មវិធីចូលរួមប្រកួតនេះបញ្ជាក់ថាមាតិកាផ្សព្វផ្សាយ ត្រូវផ្តោតលើការពង្រឹងចំណេះដឹងរបស់កម្មករនិយោជិតស្តីពី ប.ស.ស., ការយល់ឃើញទស្សនទាននានានិងបទពិសោធផ្ទាល់របស់កម្មករនិយោជិតចំពោះការប្រើប្រាស់បណ្ណ ប.ស.ស.និងចំពោះការប្រើប្រាស់សេវាសុខភាពដែលជាដៃគូ ប.ស.ស., ការយល់ឃើញឬសំណូមពររបស់កម្មករនិយោជិត ទៅកាន់បេឡាជាតិសន្តិសុខសង្គម ឬសេវាសុខភាពដែលជាដៃគូរបស់ប.ស.ស.។

អ្នកឈ្នះការប្រកួតក្នុងកម្មវិធីដែលធ្វើឡើងដើម្បីពង្រីកវិសាលភាពនៃការទទួលបានព័ត៌មាន ពង្រឹងចំណេះដឹងប្រជាពលរដ្ឋនិងកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងវាយនភ័ណ្ឌ ស្តីអំពីរបបសន្តិសុខសង្គមនឹងទទួលបានបានពានរង្វាន់ និងកុំព្យូទ័រ១គ្រឿង សម្រាប់ជ័យលាភីលេខ១, លេខ២ ទទួលបានពានរង្វាន់ និងកុំព្យូទ័រយួរដៃ ១គ្រឿង, លេខ៣ បានពានរង្វាន់ និងទូរសព្ទដៃ ១គ្រឿង, លេខ៤ទទួលបានបណ្ណសរសើរ និងទូរសព្ទ១គ្រឿង និងលេខ៥ បានបណ្ណសរសើរ និងវត្ថុអនុស្សាវរីយ៍។អ្នកសារព័ត៌មានអាចដាក់ពាក្យតាមរយៈ https://bit.ly/3Wsvpiq៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236