ពាណិជ្ជកម្មកម្ពុជា-កូរ៉េ មានជាង៧៥០លានដុល្លារ ក្នុងឆ្នាំ២០២៣ ខណៈដែលគម្រោងវិនិយោគកូរ៉េនៅកម្ពុជា មាន៣០លានដុល្លារ
Posted by -
Phoung Somphors
Published on -
6/6/2024 10:28 AM

ភ្នំពេញ៖ ក្នុងឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មទ្វេភាគីរបស់កម្ពុជានិងកូរ៉េ មានទំហំសរុបប្រមាណ ៧៥១លានដុល្លារ ឈរលើលេខរៀងទី១១ ខណៈដែលការវិនិយោគរបស់កូរ៉េនៅកម្ពុជា ក្នុងទំហំទឹកប្រាក់សរុបជាង ៥ពាន់លានដុល្លារ ក្នុងនោះមានប្រមាណ៣០លានដុល្លារ ក្នុងឆ្នាំ២០២៣ដដែល ដោយឈរលើលេខរៀងទី៩។

ទំហំពាណិជ្ជកម្ម និងទំហំនៃការវិនិយោគនេះ ត្រូវសម្តេចធិបតីហ៊ុន ម៉ាណែត លើកឡើងនៅក្នុងវេទិកាធុរកិច្ចកម្ពុជា-កូរ៉េ ដែលមានវិនិយោគិនកម្ពុជានិងកូរ៉េ ចូលរួមសរុបជាង ៣០០នាក់ តំណាងឱ្យ ១៩៨ក្រុមហ៊ុន ដែលធ្វើនៅទីក្រុងសេអ៊ូលនាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ។ ទំហំវិនិយោគ និងពាណិជ្ជកម្មទេ្វភាគី ដែលទទួលបានលទ្ធផលដូចខាងលើនោះគឺបានមកពីការរួមចំណែកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (CKFTA)ដែលកម្ពុជា-កូរ៉េ ចុះជាធរមាន កាលពីខែធ្នូ ឆ្នាំ២០២២កន្លងទៅ។

បើតាមការចុះផ្សាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(CKFTA) នេះ បានផ្តល់ភាពងាយស្រួលដល់វិនិយោគិនកូរ៉េ ក្នុងការបណ្តាក់ទុននិងនាំចេញ-នាំចូល រវាងប្រទេសទាំងពីរ ជាមួយនឹងកាលានុវត្តភាពជាច្រើនក្នុងស្រុក និងគោលការណ៍អនុគ្រោះការវិនិយោគរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ដែលផ្តល់លក្ខខណ្ឌពិសេសជាច្រើនដើម្បីសម្រួលដល់វិនិយោគិនផងដែរ។

គួរបញ្ជាក់ថា វេទិកាធុរកិច្ចកម្ពុជា-កូរ៉េធ្វើឡើងនាឱកាសដែលសម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទៅទស្សនកិច្ចផ្លូវការ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ ចាប់ពីថ្ងៃទី១៥-១៨ ខែឧសភាឆ្នាំ២០២៤។ ការបន្តបេសកកម្មការទូតក្រៅប្រទេសលើកទី១៥ របស់សម្តេចធិបតី នាពេលនេះក្នុងគោលបំណងបន្តពង្រឹងចំណងមិត្តភាពជាមួយប្រទេសក្នុងតំបន់អាស៊ាន និងសកលដោយពង្រីកនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដើម្បីឧត្តមប្រយោជន៍ជាតិ និងប្រជាជន៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236