ពាណិជ្ជកម្មកម្ពុជា-កូរ៉េ មានជាង៧៥០លានដុល្លារ ក្នុងឆ្នាំ២០២៣ ខណៈដែលគម្រោងវិនិយោគកូរ៉េ នៅកម្ពុជា មាន៣០លានដុល្លារ
Posted by -
Phoung Somphors
Published on -
21/5/2024 12:33 AM

ភ្នំពេញ៖ ក្នុងឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មទ្វេភាគីរបស់កម្ពុជា និងកូរ៉េ មានទំហំសរុបប្រមាណ ៧៥១លានដុល្លារ ឈរលើលេខរៀងទី១១ ខណៈដែលការវិនិយោគរបស់កូរ៉េ នៅកម្ពុជា ក្នុងទំហំទឹកប្រាក់សរុបជាង ៥ពាន់លានដុល្លារ ក្នុងនោះមានប្រមាណ ៣០លានដុល្លារ ក្នុងឆ្នាំ២០២៣ដដែល ដោយឈរលើលេខរៀងទី៩។

ទំហពាណិជ្ជកម្ម និងទំហំនៃការវិនិយោគនេះ ត្រូវសម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងនៅក្នុងវេទិកាធុរកិច្ចកម្ពុជា-កូរ៉េ ដែលមានវិនិយោគិនកម្ពុជា និងកូរ៉េ ចូលរួមសរុបជាង ៣០០នាក់ តំណាងឱ្យ ១៩៨ក្រុមហ៊ុន ដែលធ្វើនៅទីក្រុងសេអ៊ូល នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ។ ទំហំវិនិយោគ និងពាណិជ្ជកម្មទេ្វភាគី ដែលទទួលបានលទ្ធផលដូចខាងលើនោះ គឺបានមកពីការរួមចំណែកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (CKFTA) ដែលកម្ពុជា-កូរ៉េ ចុះជាធរមាន កាលពីខែធ្នូ ឆ្នាំ២០២២កន្លងទៅ។

បើតាមការចុះផ្សាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (CKFTA) នេះ បានផ្តល់ភាពងាយស្រួលដល់វិនិយោគិនកូរ៉េ ក្នុងការបណ្តាក់ទុន និងនាំចេញ-នាំចូល រវាងប្រទេសទាំងពីរ ជាមួយនឹងកាលានុវត្តភាពជាច្រើនក្នុងស្រុក និងគោលការណ៍អនុគ្រោះការវិនិយោគ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ដែលផ្តល់លក្ខខណ្ឌពិសេសជាច្រើនដើម្បីសម្រួលដល់វិនិយោគិនផងដែរ។

គួរបញ្ជាក់ថា វេទិកាធុរកិច្ចកម្ពុជា-កូរ៉េ ធ្វើឡើងនាឱកាសដែលសម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទៅទស្សនកិច្ចផ្លូវការ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ ចាប់ពីថ្ងៃទី១៥-១៨ ខែឧសភា ឆ្នាំ២០២៤។ ការបន្តបេសកកម្មការទូតក្រៅប្រទេសលើកទី១៥ របស់សម្តេចធិបតី នាពេលនេះ ក្នុងគោលបំណងបន្តពង្រឹងចំណងមិត្តភាពជាមួយប្រទេសក្នុងតំបន់អាស៊ាន និងសកលដោយពង្រីកនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីឧត្តមប្រយោជន៍ជាតិ និងប្រជាជន៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236